ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ចង់បានការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើរុស្ស៊ី

LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែន ចង់បានទណ្ឌកម្ម ដែលបន្ថយការរីកចម្រើន សេដ្ឋកិច្ចឲ្យខ្លាំងដល់រុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួន បន្ទាប់ពីបានចោទប្រកាន់ ប្រទេសមួយចំនួនថា នៅតែផ្តល់អាទិភាពលើប្រាក់ លើការដាក់ទណ្ឌកម្ម ចំពោះការសម្លាប់ជនស៊ីវិល ដែលលោកខាងលិច ថ្កោលទោសថា ជាឧក្រិដ្ឋកម្មសង្គ្រាម ។

លោក Volodymyr Zelenskyy ប្រធានាធិបតី បានលើកឡើងនៅក្នុងសុន្ទរកថា តាមវីដេអូប្រចាំថ្ងៃ របស់គាត់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ពិភពលោកប្រជាធិបតេយ្យ ត្រូវតែបដិសេធប្រេងរុស្ស៊ី និងរារាំងធនាគាររុស្ស៊ី ទាំងស្រុង ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ។

បន្ទាប់ពីរូបភាពដ៏ក្រៀមក្រំ នៃជនស៊ីវិល ដែលបានស្លាប់នៅតាមដងផ្លូវ នៃទីក្រុង Bucha បានបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិ លោក Zelenskiyy បានលើកឡើងថា កងកម្លាំងវិមានក្រឹមឡាំង កំពុងព្យាយាមបិទបាំង ភស្តុតាងនៃអំពើឃោរឃៅ ។

លោក Zelenskiyy បានលើកឡើងថា “យើងមានព័ត៌មានថា យោធារុស្ស៊ី បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ហើយកំពុងព្យាយាមដកមនុស្សដែលត្រូវបានសម្លាប់ចេញពីផ្លូវ និងបន្ទប់ក្រោមដី…នេះគ្រាន់តែជា ការប៉ុនប៉ងលាក់បាំង ភស្តុតាងប៉ុណ្ណោះ ហើយគ្មានអ្វីទៀតទេ” ។

ទីក្រុងម៉ូស្គូ បានបដិសេធមិនកំណត់គោលដៅ លើជនស៊ីវិល ហើយលើកឡើងថា រូបភាពសាកសពនៅក្នុងទីក្រុង Bucha ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការដាក់ទណ្ឌកម្ម បន្ថែមទៀត ប្រឆាំងនឹងទីក្រុងម៉ូស្គូ និងធ្វើឱ្យខូចដល់កិច្ចចរចាសន្តិភាព ។

ការឈ្លានពានរបស់រុស្ស៊ី រយៈពេល៦សប្តាហ៍មកទល់ពេលនេះបានបង្ខំឲ្យមនុស្សជាង៤លាននាក់ឱ្យភៀសខ្លួនទៅក្រៅប្រទេស សម្លាប់ ឬរងរបួសរាប់ពាន់នាក់ បន្សល់ទុក១/៤នៃប្រជាជនគ្មានផ្ទះសម្បែង ប្រែក្លាយទីក្រុងទៅជាគំនរបាក់បែក និងជំរុញឱ្យមានការរឹតបន្តឹងមួយចំនួនរបស់បស្ចិមប្រទេសលើឥស្សរជនរុស្ស៊ី និងសេដ្ឋកិច្ច ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top