ប៊ូហ្គូតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា ក្រុមអាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ដីមួយបានកើតឡើង នៅក្រុង La Antigua កាលពីថ្ងៃព្រហស្បតិ៍ ដែលនៅភាគពាយព្យនៃប្រទេសកូឡុំប៊ី ។
សារព័ត៌មានមួយចំនួនបានរាយការណ៍ថា គ្រោះបាក់ដីបានបង្កឡើងដោយភ្លៀងធ្លាក់ចុះយ៉ាងខ្លំាង និងបង្កឲ្យមានគ្រោះទឹក ជំនន់ នៅក្នុងក្រុង La Antigua នៅ Abriaqui ។
លោក Anibal Gaviria អភិបាលក្រុង Antioqui បានលើកឡើងនៅលើបណ្តាញសង្គម ថា “ខ្ញុំនឹងធ្វើដំណើរទៅកាន់ក្រុង Abriaqui ដើម្បីគាំទ្រដល់អ្នកដែលរងទុក្ខ ដែលបានបន្សល់នូវអ្នកស្លាប់ តិចបំផុតចំនួន១០នាក់” ។
គាត់បានលើកឡើងថា អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយហានិភ័យ ដែលទទួលបន្ទុកលើស្ថានភាព និងបានបញ្ជូនក្រុមជំនាញ ទៅកាន់កន្លែងកើតហេតុ ។
លោក Jaime Enrique Gomez ប្រធានអង្គភាពខាងលើបានលើកឡើងថា ទីតាំងបញ្ជាការដ្ឋាមួយរបស់ អង្គភាពត្រូវបានរៀបចំនៅក្នុងតំបន់ ហើយការរុករកសម្រាប់ អ្នកបាត់ខ្លួននៅតែបន្តធ្វើដដែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា