ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ធ្វើការនាំចេញកើនឡើងលើសពី ២១ភាគរយតាមការគ្រោងទុក ទោះបីជារដ្ឋាភិបាលព្រមានពី ផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែនក្តី

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា ការនាំចេញរបស់តៃវ៉ាន់បានកើនឡើងក្នុងរយៈពេល២១ខែជាប់ៗគ្នាគិតមកដល់ក្នុងខែមីនា ដល់កំណត់ត្រាថ្មីមួយ ស្របតាមការព្យាករណ៍ ដែលត្រូវបានជំរុញដោយតម្រូវការបច្ចេកវិទ្យាបន្តរឹងមាំ ទោះបីជារដ្ឋាភិបាលបានព្រមានពី ភាពមិនច្បាស់លាស់នៃខ្សែសង្វាក់ផ្គត់ផ្គង់បន្ត និងឥទ្ធិពលនៃសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ។

ក្រសួងហិរញ្ញវត្ថុបានលើកឡើងនៅថ្ងៃសុក្រនេះថា ការនាំចេញកាលពីខែមុនបានកើនឡើង ២១,៣ភាគរយធៀបនឹងឆ្នាំមុនដល់៤៣,៥ពាន់លានដុល្លារដែលជាតួលេខ ប្រចាំខែខ្ពស់បំផុតក្នុងកំណត់ត្រា ។

ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters របស់អ្នកវិភាគបានព្យាករណ៍ថា នឹងមានការកើនឡើង១ភាគរយសម្រាប់ខែនេះ ធៀបនឹងការកើនឡើង៣៤,៨ភាគរយនៅក្នុងខែកុម្ភៈ ។

ក្រសួងបានសន្មតថា កំណើនក្នុងខែមីនាចំពោះ តម្រូវការដ៏ខ្លាំងក្លាសម្រាប់គ្រឿងបន្លាស់អេឡិចត្រូនិច ក៏ដូចជាឧបករណ៍អេឡិចត្រូនិក ហើយក្រុមហ៊ុនបានបង្កើនការបញ្ជាទិញ ដើម្បីធានាការផ្គត់ផ្គង់ដល់អតិថិជន ។

ការនាំចេញគ្រឿងបន្លាស់អេឡិចត្រូនិចបានកើនឡើង៣៥,៦ ភាគរយក្នុងខែមីនាដល់១៨,២៤ពាន់លានដុល្លារ ដែលជាកំណត់ត្រាប្រចាំខែផងដែរ ជាមួយនឹងការនាំចេញសារធាតុ ពាក់កណ្តាលសម្រេច កើនឡើង៣៨,២ភាគរយធៀបនឹងឆ្នាំមុន ។

ក្រុមហ៊ុនជាច្រើនរំពឹងថា ការខ្វះខាតបន្ទះឈីបសកលនឹងមានរយៈពេល យ៉ាងហោចណាស់សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ ដែលនឹងបន្តបំពេញសៀវភៅបញ្ជាទិញរបស់ក្រុមហ៊ុន នាំចេញសារធាតុពាក់កណ្តាលសម្រេច របស់កោះតៃវ៉ាន់ ។

ក្រុមហ៊ុនដូចជា TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំ ជាងគេបំផុតរបស់ពិភពលោក គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលផ្សេងទៀត ក៏ដូចជាអ្នកផ្តល់បន្ទះឈីបសម្រាប់ក្រុមហ៊ុនរថយន្ត និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់កម្រិតទាបផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top