ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ៖ ការប្រឈមមុខដាក់គ្នា ដោយយោធា ដោយផ្ទាល់ រវាងអាមេរិក និងរុស្ស៊ី អាចកើតឡើង

បរទេស ៖ លោក Anatoly Antonov ឯកអគ្គរដ្ឋទូត របស់ទីក្រុងមូស្គូ ប្រចាំនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយនៅដើម សប្តាហ៍នេះថា បណ្តាប្រទេសលោកខាងលិច តាមរយៈការ “បំពាក់” សព្វាវុធឱ្យប្រទេស អ៊ុយក្រែន គឺថា ហានិភ័យ គឺអាចនឹងដឹកនាំ សហរដ្ឋអាមេរិក និងរុស្ស៊ី “ឱ្យទៅកាន់ផ្លូវ នៃការប្រឈមមុខដាក់គ្នា ខាងយោធា” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើម នៃការវាយលុកយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន បណ្តាប្រទេសណាតូ និងសម្ព័ន្ធមិត្តរបស់ពួកគេបានបដិសេធ ពីការចូលរួមផ្នែកយោធា ដោយផ្ទាល់នៅក្នុងជម្លោះ ប៉ុន្តែបាន និងកំពុងផ្តល់អាវុធ និងគ្រាប់រំសេវដល់ទីក្រុងកៀវយ៉ាងសកម្ម ។ តាមរយៈការធ្វើដូច្នេះ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយសារព័ត៌មាន Newsweek ថា រដ្ឋលោកខាងលិចគឺ “ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍បច្ចុប្បន្ន” និងកំពុងញុះញង់ “ការបង្ហូរឈាមបន្ថែមទៀត” ។ លោក Antonov បានហៅសកម្មភាពទាំងនេះថា “គ្រោះថ្នាក់” និង “បង្កហេតុ” ។

លោកបន្ថែមថា “ពួកគេអាចដឹកនាំសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ីទៅកាន់ផ្លូវនៃការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់។ រាល់ការផ្គត់ផ្គង់សព្វាវុធ និងសម្ភារៈយោធា ពីលោកខាងលិច ដែលធ្វើឡើងដោយក្បួន ដឹកជញ្ជូនឆ្លងកាត់ទឹកដីអ៊ុយក្រែន គឺជាគោលដៅយោធា ស្របច្បាប់សម្រាប់កងកម្លាំង ប្រដាប់អាវុធរបស់យើង» ។

កាលពីពីរថ្ងៃមុន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានជំរុញឱ្យប្រទេសណាតូ បន្តផ្តល់ “អាវុធ” ដល់ក្រុងគៀវបន្ថែមទៀត ដោយពន្យល់ថា តាមរយៈការប្រយុទ្ធជាមួយរុស្ស៊ី អ៊ុយក្រែន មិនត្រឹមតែអាចការពារខ្លួនបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹង សន្តិសុខរបស់សមាជិក ប្លុកផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top