ព័ត៌មានអន្តរជាតិ

Updated ៖ លោក Macron និង លោកស្រី Le Pen នាំមុខគេក្នុងជុំទី១ នៃការប្រជែង តំណែងប្រធានាធិបតី

ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា លោកប្រធានាធិបតី ដែលកំពុងកាន់អំណាច របស់បារាំង Emmanuel Macron និងបេក្ខភាពស្តាំនិយមជ្រុល លោកស្រី Marine Le Pen គឺជាមេដឹកនាំកំពូលទាំង២ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១ ឆ្នាំ២០២២ ដោយមានសំឡេងគាំទ្រ២៨,២ភាគរយ និង២៣,៤ភាគរយ នៃការបោះឆ្នោត ។ ការស្ទង់មតិបឋម ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យដោយ Elabe និងចេញផ្សាយដោយ ទូរទស្សន៍បារាំង BFMTV ។

អរគុណអ្នកគាំទ្រ លោកប្រធានាធិបតី Macron បានប្តេជ្ញាថា នឹង “អនុវត្តគម្រោងនៃវឌ្ឍនភាព ភាពបើកចំហ និងឯករាជ្យភាពរបស់បារាំង និងអឺរ៉ុប ដែលយើងបានតស៊ូមតិ” ។

លោក Macron បានថ្លែងថា បោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងរយៈពេល២សប្តាហ៍ខាងមុខនឹងជា “ការសម្រេចចិត្ត” សម្រាប់ប្រទេសបារាំង និងសម្រាប់អឺរ៉ុប ។

លោក Macron បានបន្តទៀតថា “នៅក្នុងដំណាក់ កាលដ៏ត្រចះត្រចង់នេះ សម្រាប់អនាគត របស់ប្រទេសជាតិ គ្មានអ្វីគួរមានដូចពីមុននោះទេ។ នោះហើយជាមូលហេតុ ដែលខ្ញុំចង់ប្រាប់ទៅដល់អ្នក ដែលចង់ធ្វើការឱ្យប្រទេសបារាំង” ។

ថ្លែងទៅកាន់អ្នកគាំទ្រលោកស្រី Le Pen បានអំពាវនាវដល់អ្នក ដែលមិនបោះឆ្នោតឱ្យលោក Macron ចូលរួមការជួបជុំរបស់លោកស្រី ។

បេក្ខភាពបក្សស្តាំនិយម ជ្រុលរូបនេះបានលើកឡើងថា “ខ្ញុំនឹងធានាឯករាជ្យជាតិ ខ្ញុំនឹងគ្រប់គ្រងអន្តោប្រវេសន៍ និងស្តារសន្តិសុខឡើងវិញ សម្រាប់ទាំងអស់គ្នា” ។

ឈានចូលជាលើកទី២ ក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីឆ្នាំ២០១៧ លោកស្រី Le Pen បានថ្លែងថា មហិច្ឆតារបស់លោកស្រីគឺ “បង្រួបបង្រួមបារាំង និងធ្វើឱ្យប្រទេសបារាំង ក្លាយជាប្រទេសដែលតភ្ជាប់ឡើងវិញ ជាមួយនឹងភាពអស្ចារ្យ” ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top