ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងស្វែង​ រកការដាក់លក្ខខណ្ឌថ្មី សម្រាប់ការដកទណ្ឌកម្ម ប្រឆាំងអ៊ីរ៉ង់

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងស្វែងរកការដាក់លក្ខខណ្ឌថ្មី សម្រាប់ការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ។

លោក Amir-Abdollahian បានលើកឡើងថា “ក្នុងរយៈពេលពីរ ឬបីសប្តាហ៍កន្លងមកនេះ ភាគីអាមេរិក បានធ្វើការទាមទារហួសហេតុ ដែលផ្ទុយនឹងកថា ខណ្ឌមួយចំនួននៃអត្ថបទ ដែលបានរៀបចំសម្រាប់កិច្ចព្រមព្រៀង ដែលអាចកើតមាន នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន នាពេលថ្មីៗនេះ” ដោយបន្ថែមថា សហរដ្ឋអាមេរិកចង់ស្នើ និងដាក់ច្បាប់ថ្មី ក្នុងលក្ខខណ្ឌនៅក្រៅក្របខណ្ឌចរចា ជាថ្នូរនឹងការ ដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់។

អ្នកការទូតកំពូលអ៊ីរ៉ង់ បានកត់សម្គាល់ថា រដ្ឋាភិបាលអាមេរិក មានចេតនាល្អ វាគួរតែចាត់វិធានការ ជាក់ស្តែង នៅក្នុងការចរចា ដូចជាការដោះលែងទ្រព្យសម្បត្តិ ដែលបង្កកមួយចំនួន របស់អ៊ីរ៉ង់ ឬការដកទណ្ឌកម្មជាដើម ។

លោកបានបន្ដថា អ៊ីរ៉ង់នឹងបន្តផ្លូវនៃការទូត ដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏ថ្លៃថ្នូរ យូរអង្វែង និងល្អ ដោយលោកបានបន្ថែមថា “អ៊ីរ៉ង់នៅតែបន្ដឈរ ហើយនឹងឈរនៅលើបន្ទាត់ ក្រហមរបស់ខ្លួន”។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាច ក្នុងខែកក្កដា ឆ្នាំ២០១៥ ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងក្នុងខែឧសភា ឆ្នាំ២០១៨ ហើយបាន ដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ លើ ទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យអ៊ីរ៉ង់ទម្លាក់ការប្តេជ្ញាចិត្ត នុយក្លេអ៊ែរមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងក្នុងការសងសឹក ។

ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចា ជាច្រើនត្រូវបានធ្វើឡើង នៅទីក្រុងវីយែនរវាងអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់គឺចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀង ឆ្នាំ២០១៥ ឡើងវិញ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top