បរទេស៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានបរិហារចំពោះ “ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន” បន្ទាប់ពីប៉ុន្មានសប្តាហ៍ នៃការព្យាយាមរក្សាអព្យាក្រឹតភាព លើជម្លោះនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ លោក Andres Manuel Lopez Obrador បានធ្វើដូច្នេះ ខណៈពេលដែលរំលឹកពិភពលោកថា អ្នករិះគន់ដ៏ខ្លាំងក្លាមួយចំនួន ទៅលើទីក្រុងមូស្គូ គឺបានលុកលុយប្រទេសរបស់គាត់ ពីមុនមក។
លោក Lopez Obrador បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូ ដើម្បីដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ រៃអង្គាសប្រាក់ ដែលមានឈ្មោះថា ‘Stand Up for Ukraine’ កាលពីថ្ងៃសៅរ៍ ដែលជាយុទ្ធនាការមួយ ដែលអ្នករៀបចំអះអាងថា ស្វែងរកការរៃអង្គាសប្រាក់ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដល់ជនភៀសខ្លួនអ៊ុយក្រែន។ ប្រធានាធិបតីម៉ិកស៊ិក រូបនេះ បានបដិសេធការអញ្ជើញ របស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែលោកបានយល់ព្រម បញ្ចេញសេចក្តីថ្លែងការណ៍ ដែលនិយាយប្រឆាំងនឹង “ការឈ្លានពានរបស់រុស្ស៊ី” ៕
ប្រែសម្រួលៈ ណៃ តុលា