បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសមភាគីឥណ្ឌា លោក Rajnath Singh កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមាន ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងការព្រមានអំពីការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយចិន និងរុស្ស៊ី ផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បានប្រាប់ Singh នៅពេលដែលកិច្ចពិភាក្សា កាលពីថ្ងៃច័ន្ទបានចាប់ផ្តើមថា “យើងកំពុងប្រជុំនៅគ្រាដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូការពារជាតិអាមេរិក និងឥណ្ឌា” ។

លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងញូវដេលីទាំងពីរជឿជាក់លើ ភាពសេរី និងបើកចំហរ នៅ “ឥណ្ឌូប៉ាស៊ីហ្វិក ” ដែលគាំទ្រដោយការគោរព ចំពោះអធិបតេយ្យភាពជាតិ និងនីតិរដ្ឋ ប៉ុន្តែ “យើងកំពុងប្រឈមមុខនឹង បញ្ហាប្រឈមជាបន្ទាន់ និងកើនឡើង ចំពោះចក្ខុវិស័យរួមនេះ”។
លោក Austin បាននិយាយថា ទីក្រុងប៉េកាំងកំពុងបំផ្លាញសន្តិសុខក្នុងតំបន់ដោយការកសាង “ហេដ្ឋារចនាសម្ព័ន្ធប្រើបានពីរ” នៅតាមបណ្តោយព្រំដែន របស់ខ្លួនជាមួយនឹងប្រទេសឥណ្ឌា និងការទាមទារទឹកដីដោយខុសច្បាប់នៅសមុទ្រចិនខាងត្បូង។ លោកបានសន្យាថា “សហរដ្ឋអាមេរិកឈរជាមួយឥណ្ឌាក្នុងការការពារ ផលប្រយោជន៍អធិបតេយ្យភាពរបស់ពួកគេ” ៕
ប្រែសម្រួលៈ ណៃ តុលា
