បរទេស៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា រដ្ឋាភិបាលទីក្រុងគៀវ បានដើរថយក្រោយ ទៅលើកិច្ចព្រមព្រៀងដែលមិនច្បាស់លាស់ ដែលធ្វើឡើងរវាងក្រុមចរចាអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីចុងខែមីនា។
យោងតាមប្រធានាធិបតីរុស្ស៊ី ការចរចាសន្តិភាពឥឡូវនេះ «បានវិលទៅរកភាពជាប់គាំងហើយ»។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនបានពន្យល់នៅឯ Vostochny Cosmodrome នៅតំបន់ Far East របស់រុស្ស៊ីកាលពីថ្ងៃអង្គារថា អ៊ុយក្រែន បានបដិសេធមិនទទួលស្គាល់តំបន់គ្រីមៀជារបស់រុស្ស៊ី និងឯករាជ្យរបស់សាធារណរដ្ឋ Donbass ។
លោកបញ្ជាក់ថា ចំណុចទាំងពីរនោះ ជាប្រធានបទសំខាន់ដែលគ្មានការរីកចម្រើន អាចឈានដល់កិច្ចពិភាក្សានោះទេ។ ការចរចាចុងក្រោយបំផុត រវាងទីក្រុងម៉ូស្គូ និងក្រុងគៀវ ត្រូវបានធ្វើឡើងកាលពីពីរសប្តាហ៍មុន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែលយោងតាមភាគីរុស្ស៊ី គណៈប្រតិភូអ៊ុយក្រែនបានផ្តល់សេចក្តីព្រាងដំបូងនៃសំណើជាលាយលក្ខណ៍អក្សរស្តីពី វិធីដោះស្រាយជម្លោះ៕ ប្រែសម្រួលៈ ណៃ តុលា