និយាយចំពោះអាមេរិក ថ្ងៃទី១២ ខែមេសាជាថ្ងៃគួរឱ្យសោកសង្រេងជាខ្លាំង ។ នៅព្រឹកថ្ងៃដដែល ក្នុងស្ថានីយរថភ្លើងក្រោមដី ដែលស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីនក្រុងញូវយ៉ក ស្ត្រីមានទម្ងន់អាយុ២៨ឆ្នាំម្នាក់ កុមារអាយុ១២ឆ្នាំម្នាក់ និងអ្នកដំណើរឥតទោសពៃរ៍ចំនួនជាង២០នាក់ ស្រាប់តែរងការបាញ់ប្រហារ ។ ខណៈពេលនោះ ក្នុងស្ថានីយរថភ្លើងក្រោមដី ពោពេញទៅដោយឈាម និងស្រែកអង្វរ ។
ស្ទើរតែក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយអ្វី ដែលហៅថា «របាយការណ៍អំពីសិទ្ធិមនុស្ស របស់ប្រទេសដទៃឆ្នាំ២០២១ » ដូចឆ្នាំមុនៗដែរ របាយការណ៍នេះ បាននិយាយឆ្ការដៃឆ្ការជើង ចំពោះសភាពការណ៍សិទ្ធិមនុស្ស របស់ប្រទេសចំនួនជិត២០០ នៅលើពិភពលោក ។ ជាការពិតណាស់ ក៏ដូចពេលកន្លងទៅដដែល របាយការណ៍នេះ មិនបាននិយាយដល់ សភាពការណ៍សិទ្ធិមនុស្សក្នុងស្រុកខ្លួន សម្បីតែមួយមាត់ក៏គ្មានដែរ ។
ការមិនអើពើនឹងការឈឺចាប់ របស់ប្រជាជនអាមេរិកដែលរងការបាញ់ប្រហារ តែបែរជាតាក់តែងរបាយការណ៍ “យកចិត្តទុកដាក់”ដល់សិទ្ធិមនុស្សរបស់ប្រជាជន នៃប្រទេសដទៃ ទង្វើគួរឱ្យអស់សំណើច របស់អាមេរិកបែបនេះ បានធ្វើជាគំរូថា តើទង្វើណាជា “សិទ្ធិមនុស្សក្លែងក្លាយ” និង “អនុត្តរភាពពិតប្រាកដ” ។
អាមេរិក មិនអើពើនឹងការគាំពារ និងកែលម្អសិទ្ធិមនុស្សរបស់ខ្លួន បែរជាប្រឌិតរបស់ដែលហៅថា របាយការណ៍ស្តីពីសិទ្ធិមនុស្ស របស់ប្រទេសដទៃ មួយឆ្នាំហើយមួយឆ្នាំទៀត នេះគ្រាន់តែជាឧបាយកលចាស់ៗ សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ឃុបឃិតគ្នាបង្កើតជាក្រុមសម័្ពន្ធតូច និងរក្សាអនុត្តរភាពរបស់ខ្លួន តែប៉ុណ្ណោះ ។
នៅទសវត្សរ៍ឆ្នាំ៧០នៃសតវត្សរ៍មុន អាមេរិកក៏បានលើកឡើងជាផ្លូវការនូវ “ការទូតសិទ្ធិមនុស្ស” តាមការពិតគឺជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ដោយយកបញ្ហាសិទ្ធិមនុស្សជាលេស ។ ក្នុងសម័យសង្គ្រាមត្រជាក់ សិទ្ធិមនុស្សមិនត្រឹមតែបានក្លាយជាទីបង្អែក នៃគោលនយោបាយការទូត របស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាអាវុធ សម្រាប់ឱ្យអាមេរិក បំផុសសង្គ្រាមទៀតផង ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន ស៊ីរី ដល់ “បដិវត្តន៍ពណ៌”ដែលកើតមាននៅអឺរ៉ុបខាងកើតនិងតំបន់បាល់កង់ អាមេរិកបានប្រើប្រាស់សិទ្ធិមនុស្ស ជាអាវុធ បង្កគ្រោះមហ្តរាយ ខាងមនុស្សធម៌ជាច្រើន ។
ការលាក់ពុត និងចាត់ទុកសិទ្ធិមនុស្ស ជាអាវុធរបស់អាមេរិក ធ្វើឱ្យពិភពលោកទាំងមូល មានការខឹងសម្បាយ៉ាងខ្លាំង ។ លោក Rodriguez រដ្ឋមន្ត្រីការបរទេស នៃប្រទេសគុយបាបានថ្លែងថា អាមេរិកញុះញង់ និងគំរាមកំហែងប្រទេស ដែលមិនស្តាប់ការបញ្ជារបស់ក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងប្រែសិទ្ធិមនុស្សឱ្យក្លាយជាឧបករណ៍ម្យ៉ាង ។ ថ្ងៃទី១៣ ខែមេសា កាសែត«The Times of India»បានចុះផ្សាយអត្ថបទថា ដោយមកពីអាមេរិក មានបញ្ហាមួយចំនួន ក្នុងស្រុកខ្លួន ហើយបានប្រើប្រាស់ស្តង់ដារពីរ ក្នុងការវាយតម្លៃសភាការណ៍សិទ្ធិមនុស្សរបស់ប្រទេសដទៃ ដូច្នេះ អាកប្បកិរិយាលាក់ពុករបស់អាមេរិក គួរឱ្យអ្នកផងស្អប់ខ្ពើមណាស់ ។
នៅទសវត្សរ៍ឆ្នាំ៨០ នៃសតវត្សរ៍មុន លោក Brzezinski អតីតទីប្រឹក្សាសន្តិសុខជាតិ របស់អាមេរិកបានលើកឡើង ក្នុងសៀវភៅរបស់ខ្លួនថា “ឆ្លងតាមរយៈគូសបញ្ជាក់ ពីសិទ្ធិមនុស្ស អាមេរិកអាចធ្វើឱ្យខ្លួន ក្លាយជាបេសកជននៃក្តីសង្ឃឹមរបស់មនុស្សជាតិ និងចរន្តអនាគតម្តងទៀត ” ។ ប៉ុន្តែការពិតជាក់ស្តែងគឺខុសគ្នា យ៉ាងស្រឡះ អាមេរិកដែលលេងឧបាយកល “អាវុធសិទ្ធិមនុស្ស” បាននិងកំពុងបំផ្លាញដល់ក្តីសង្ឃឹមរបស់មនុស្សជាតិ និងរារាំងចរន្តអនាគត ហើយបានក្លាយជាការគំរាមកំហែង ដ៏ពិតប្រាកដរបស់ពិភពលោកយើង !