លោក Xi Jinping ប្រធានរដ្ឋចិនជិះឡានតាមផ្លូវភ្នំ ទៅកាន់ភូមិ Maona ដែលជាភូមិជនជាតិ Li នៅខេត្ត Hainan ។ កាលពី ៩ ឆ្នាំមុន លោកប្រធានរដ្ឋ Xi បានលើកឡើងនៅខេត្ត Hainan ថា តើប្រជាជនមានជីវភាព ធូរធារបង្គួរឬទេ គឺអាស្រ័យលើអ្នកភូមិ ។ បច្ចុប្បន្ននេះ ប្រទេសចិនសម្រេចបានសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរ ហើយការអភិវឌ្ឍតាមជនបទកំពុងដំណើរការ ដោយគ្រប់ជ្រុងជ្រោយ លោកក៏នៅតែចង់ចុះសួរសុខទុក្ខអ្នកភូមិ ។
នៅក្នុងចិត្តរបស់លោក Xi Jinping បរិស្ថានរស់នៅរបស់បងប្អូនអ្នកភូមិ គឺជាការបង្ហាញអំពីជីវផាពថ្មី នៅជនបទ។ តើភូមិប្រភេទណា ដែលយើងចង់កសាង តើត្រូវកសាងយ៉ាងណា វាជាប្រធានបទសំខាន់ ដែលលោកយកចិត្តទុកដាក់។
ភូមិ Maona ត្រូវបានហ៊ុំព័ទ្ធដោយភ្នំ ផ្ទះសម្បែងនៅតែរក្សាលក្ខណៈជនជាតិ Li ។ ក្នុងការស្តារបរិស្ថានរស់នៅ ក្នុងពេលនោះ ភូមិ Maona បានអនុវត្តតាមបទបញ្ជា របស់លោកប្រធានរដ្ឋXiក្នុងការកសាងភូមិ ដោយមិនបានរុះរើផ្ទះ មិនកាន់កាប់ដី ឬកាប់ដើមឈើឡើយ ។ សព្វថ្ងៃ ពេលដើរលេងក្នុងភូមិនេះ អគារពីរជាន់ពណ៌ស មានគ្រឿងសង្ហារិមគ្រប់គ្រាន់ លក្ខខណ្ឌជីវភាពរស់នៅដូចអ្នកភូមិឈ្មោះ Wang Bohe បែបនេះគឺជារឿងធម្មតានៅភូមិ Maona ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍជនបទជាប្រធានបទសំខាន់មួយ នៃការចុះត្រួតពិនិត្យការងារ របស់លោក Xi Jinping ជាពិសេស លោកយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍឧស្សាហកម្មជនបទ ដែលជាកិច្ចការបន្ទាន់ ។
ឥឡូវនេះជារដូវកាលបេះ និងផលិតតែ ។ កាលពីអតីតកាល អ្នកភូមិដាំតែ សម្រាប់ផឹកខ្លួនឯង ប៉ុន្តែឥឡូវនេះតែខ្មៅ Shuiman បានត្រូវដាំយ៉ាងច្រើន ។ មានតែចម្ការតែជាង ៣៨ ហិកតានៅភូមិ Maona មួយឆ្នាំបេះ ១០ ខែ នៅតែផ្គត់ផ្គង់មិនគ្រប់គ្រាន់ ។ អ្នកភូមិឈ្មោះ Wang Bohe បានជម្រាបលោកប្រធានរដ្ឋ Xi ដោយមោទនភាពថា ឥឡូវនេះ ពួកយើងក៏មានការយល់ដឹងអំពីផលិតផល ហើយបានចុះបញ្ជីពាណិជ្ជសញ្ញាផ្ទាល់ខ្លួន និងរចនាសម្បកវេចខ្ចប់តែរបស់ខ្លួន
ហើយសម្រេចបាន ខ្សែសង្វាក់ឧស្សាហកម្មតូចមួយ ដែលមានការដាំតែ ការបេះតែ ការផលិតតែនិងការលក់តែ។
លោក Xi Jinping បានទិញតែម៉ាក Heru របស់អ្នកភូមិឈ្មោះ Wang Bohe ចំនួនពីរថង់ ហើយបានលើកទឹកចិត្តគាត់ឱ្យធ្វើអាជីវកម្មឱ្យបានល្អ ដើម្បីមានជីវភាពកាន់តែធូរធារ ។
លោកប្រធានរដ្ឋXi ធ្លាប់បានគូសបញ្ជាក់ថា ត្រូវពន្លឿនការបង្កើតប្រព័ន្ធសេដ្ឋកិច្ចអេកូឡូស៊ី ដែលតម្កល់ការធ្វើឧស្សាហូបនីយកម្មអេកូឡូស៊ី និងធ្វើអេកូឡូស៊ីភាវូបនីយកម្មឧស្សាហកម្មជាតួអង្គសំខាន់ ចំណុចនេះត្រូវបានលេចចេញជារូបរាងហើយនៅក្នុងភូមិ Maona សព្វថ្ងៃ ។
នៅចុងក្រោយ លោក Xi Jinping បានលើកទឹកចិត្តអ្នកភូមិទាំងអស់ឱ្យចូលរួមចំណែក ក្នុងការអភិវឌ្ឍជនបទ ហើយកម្មាភិបាលត្រូវលះបង់ កម្លាំងកាយទាំងអស់ ដើម្បីធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាជនកាន់តែល្អប្រសើរ ៕