អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្កោលទោសចំពោះ សកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ្នកថ្វាយបង្គំនៅវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹម ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីប៉ាឡេស្ទីនលោក Mahmoud Abbas ។
លោក Erdogan បានឲ្យដឹងនៅលើបណ្ដាញសង្គម Twitter ថា “ក្នុងអំឡុងពេលសន្ទនារបស់យើង ខ្ញុំបានសម្តែងថា ខ្ញុំថ្កោលទោសយ៉ាងខ្លាំង ចំពោះអន្តរាគមន៍របស់អ៊ីស្រាអែល ប្រឆាំងនឹងអ្នកគោរពបូជា នៅក្នុងវិហារអ៊ីស្លាម Al-Aqsa ហើយថាយើងនឹងប្រឆាំងនឹងការញុះញង់ និងការគំរាមកំហែង ចំពោះស្ថានភាពបច្ចុប្បន្ន និងខាងវិញ្ញាណនៃវិហារ Al-Aqsa” ។
លោកបានបន្ថែមថា “តួកគីតែងតែឈរជាមួយប៉ាឡេស្ទីន” ដោយកត់សម្គាល់ព្រឹត្តិការណ៍នេះ បញ្ជាក់ឡើងវិញនូវភាពចាំបាច់ សម្រាប់ក្រុមប៉ាឡេស្ទីនទាំងអស់ ដើម្បីធ្វើការឆ្ពោះទៅរកឯកភាព និងការផ្សះផ្សា។
ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានផ្ទុះឡើង នៅតំបន់វេសបែង និង យេរ៉ូសាឡឹមខាងកើត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាពិសេសនៅពេលដែល ពិធីបុណ្យរំលងរបស់ជនជាតិយូដា បានចាប់ផ្តើមនៅថ្ងៃសុក្រ ក្នុងអំឡុងខែដ៏វិសុទ្ធរបស់មូស្លីម នៃបុណ្យរ៉ាម៉ាដាន។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ រវាងទាហានប៉ាឡេស្ទីន និងកងកម្លាំងប៉ូលិសអ៊ីស្រាអែល នៅបរិវេណវិហារ Al-Aqsa ក្នុងក្រុងយេរ៉ូសាឡឹម បានបណ្តាលឲ្យមនុស្សជាង ១៦០នាក់រងរបួស ៕
ប្រែសម្រួល ឈូក បូរ៉ា