ព័ត៌មានអន្តរជាតិ

ណាតូ ត្រូវការមូលដ្ឋាននៅ ព្រំដែនភាគខាងកើត ដើម្បីទប់ទល់នឹងរុស្ស៊ី

ឡុងដ៌៖ ក្រុមអ្នកវិភាគការពារជាតិបានឲ្យដឹងថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងនាំឱ្យអង្គការណាតូ ផ្លាស់ប្តូរយ៉ាងខ្លាំងនូវ សមត្ថភាពសន្តិសុខរយៈពេលវែងរបស់ខ្លួន នៅអឺរ៉ុបខាងកើត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

អ្នកជំនាញព្យាករណ៍ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ទំនងជានឹងបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ នៅលើផ្នែកខាងកើតរបស់ខ្លួន និងជំរុញការចំណាយយ៉ាងច្រើន។

ពួកគេបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីសំខាន់នៅក្នុងតំបន់ ប៉ុន្តែសម្ពាធនឹងមានលើសមាជិកអឺរ៉ុប ក្នុងការបង្កើនការចំណាយ ដើម្បីដោះស្រាយការគំរាមកំហែង កើនឡើងពីរុស្ស៊ី។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានឲ្យដឹងកាលពីខែមីនាថា ការឈ្លានពានរបស់រុស្ស៊ីតំណាងឱ្យ “វិបត្តិសន្តិសុខធ្ងន់ធ្ងរបំផុតក្នុងជំនាន់មួយ” ហើយចាំបាច់ត្រូវ “កំណត់ឡើងវិញ” ការការពារ និងការរារាំងទប់ស្កាត់។

ស្ថាប័នការពារសមូហភាពអឺរ៉ុប ដែលមានសមាជិក ៣០រូប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដោយផ្នែកដោយសារតែ ការគំរាមកំហែង ដែលបង្កឡើងដោយ អតីតសហភាពសូវៀត។

ប៉ុន្តែការបញ្ចប់សង្រ្គាមត្រជាក់ ក្នុងឆ្នាំ១៩៩១ បាននាំឱ្យអឺរ៉ុបចំណាយតិច លើវិស័យការពារជាតិ ហើយប៉ុន្មានឆ្នាំមកនេះ ណាតូ បានបណ្តាក់ទុននៅក្រៅទ្វីប ដើម្បីដោះស្រាយការគំរាមកំហែង ពីអំពើភេរវកម្ម។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីការដណ្តើមកាន់កាប់ តំបន់គ្រីមេរបស់រុស្ស៊ីក្នុងឆ្នាំ២០១៤ មក អង្គការណាតូ បានពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងតំបន់ភាគខាងកើត នៃសម្ព័ន្ធមិត្ត ដោយដាក់ពង្រាយក្រុមសមរភូមិ ទំហំកងវរសេនាតូចនៅក្នុងប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកមួយចំនួនទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top