ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវជាថ្មីម្ដងទៀត ឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅអ៊ុយក្រែន

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការ ផ្តល់ជំនួយសង្គ្រោះជីវិត ក៏ដូចជាការជម្លៀសខ្លួន។

ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីការវាយប្រហារលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះរួមមានទីក្រុង Lviv, Dnipro, Kharkiv និង Mykolaiv – ដែលត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងបំផ្លិចបំផ្លាញជាច្រើនទៀត។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់ថា លោក Guterres ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌ ដែលបន្តកើតមាននៅក្នុងទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធផងដែរ។

 លោក Dujarric បានលើកឡើងថា “អគ្គលេខាធិការជំរុញយ៉ាងមុតមាំគ្រប់ភាគីទាំងអស់ ឱ្យបង្កើតបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដែលនឹងធ្វើឱ្យមានដំណើរការប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពនៃច្រករបៀងមនុស្សធម៌ ជួយជម្លៀសប្រជាជនស៊ីវិល និងផ្តល់ជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្តសង្គ្រោះជីវិតផងដែរ” ។

លោកបានបន្ថែមថា “ការចរចាពិតប្រាកដត្រូវតែផ្តល់ឱកាសឱ្យទទួលបានជោគជ័យ និងនាំមកនូវសន្តិភាពយូរអង្វែង” លោកបានបញ្ជាក់ថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់បញ្ហានេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top