ព័ត៌មានអន្តរជាតិ

អាមេរិក គួរតែ​ដោះស្រាយ ​ស្ថានការណ៍​សិទ្ធិមនុស្ស ​ដែល​កាន់តែ​យ៉ាប់យ៉ឺន​របស់ខ្លួន​ដោយ​ស្មោះស្ម័គ្រ

ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងក្លាយជាប្រទេសមួយដែលសិទ្ធិមនុស្ស ត្រូវបានរំលោភបំពានជាប្រព័ន្ធ ហើយវាគួរតែឆ្លុះបញ្ចាំងយ៉ាងម៉ឺងម៉ាត់ អំពីវិធីដោះស្រាយឫសគល់ នៃស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការសម្លាប់បុរសជនជាតិអាហ្រ្វិកម្នាក់ ដោយមន្ត្រីប៉ូលីសស្បែកស អំឡុងពេលប្រតិបត្តិការអនុវត្តច្បាប់ ក្នុងរដ្ឋ Michigan ។  ឧបទ្ទវហេតុនេះជាថ្មីម្តងទៀត បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាជុំវិញការរើសអើងជាតិសាសន៍ និងអំពើហិង្សារបស់ប៉ូលីស នៅក្នុងសហរដ្ឋអាមេរិក។

លោកបានលើកឡើងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្ស ដែលកាន់តែយ៉ាប់យ៉ឺន នៅក្នុងសហរដ្ឋអាមេរិក អង្គហេតុមួយចំនួនធំបង្ហាញថា ការរើសអើងពូជសាសន៍ ឧក្រិដ្ឋកម្មកាំភ្លើង និងអំពើហិង្សាក្នុងការអនុវត្តច្បាប់មិនមាននៅក្នុងករណីដាច់ស្រយាល និងជាបណ្តោះអាសន្ននោះទេ ប៉ុន្តែជាបញ្ហារយៈពេលវែង និងជាប្រព័ន្ធនៅក្នុង ប្រទេសនេះ”។

ចាប់តាំងពីមរណភាពរបស់លោក George Floyd ក្នុងឆ្នាំ ២០២០ មនុស្សរាប់រយនាក់នៃជនជាតិភាគតិចត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីអនុវត្តច្បាប់សហរដ្ឋអាមេរិក។  ភាគច្រើន ៩៣,៧ ភាគរយ នៃជនជាតិអាមេរិកមូស្លីម បានលើកឡើងថា ពួកគេរស់នៅក្នុងស្រមោលនៃ Islamophobia ខណៈ ៨១ ភាគរយនៃមនុស្សពេញវ័យជនជាតិអាមេរិកាំង អាស៊ីជឿថា អំពើហិង្សាលើពួកគេកំពុងកើនឡើង។  

អ្នកនាំពាក្យបានដកស្រង់សម្តីលោក Fernand de Varennes អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាជនជាតិភាគតិច ដោយលើកឡើងថា ប្រព័ន្ធច្បាប់នៅសហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើង ជារចនាសម្ព័ន្ធ ដើម្បីផលប្រយោជន៍ និងអត់ទោសដល់អ្នកដែលមានទ្រព្យធន និងដាក់ទណ្ឌកម្មអ្នកដែលក្រីក្រជាង ជាពិសេសជនជាតិភាគតិច៕ ប្រែសម្រួល ឈូក បូរ៉ា

To Top