កូឡុំបូ៖ ក្រសួងហិរញ្ញវត្ថុស្រីលង្កា បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃអង្គារនេះថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសរសើរជំហានដែលបានអនុវត្តរួចហើយ ដោយស្រីលង្កា ដើម្បីធ្វើស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន ។
ក្រសួងបានឲ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ Ali Sabry បានជួបជាមួយនាយកគ្រប់គ្រង IMF Kristalina Georgieva កាលពីថ្ងៃចន្ទនៅឯទីស្នាក់ការកណ្តាលរបស់ IMF ។
IMF បានធានានូវការគាំទ្រយ៉ាងពេញទំហឹងរបស់ពួកគេ ហើយការឆ្លើយតបជាវិជ្ជមានក៏ត្រូវបានទទួលផងដែរ ដើម្បីពន្លឿនដំណើរការនេះ ដើម្បីពង្រឹងការគាំទ្រ ដែលបន្តឆ្ពោះទៅប្រទេសស្រីលង្កា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
លោក Sabry ក៏បានស្នើសុំឧបករណ៍ផ្តល់ហិរញ្ញប្បទានរហ័ស (RFI) ហើយ IMF បានជូនដំណឹងជាបន្តបន្ទាប់មកលោកថា ឥណ្ឌាក៏បានធ្វើតំណាងក្នុងនាមប្រទេសស្រីលង្កា សម្រាប់ RFI ផងដែរ។
រដ្ឋាភិបាលស្រីលង្កា បានសម្រេចចិត្តកាលពីសប្តាហ៍មុន ដើម្បីផ្អាកការសងបំណុលទាំងអស់សម្រាប់រយៈពេលបណ្តោះអាសន្នរហូតដល់ខ្លួនមានកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលប្រកបដោយសណ្តាប់ធ្នាប់ និងឯកភាពដែលគាំទ្រដោយ IMF៕
ប្រែសម្រួល ឈូក បូរ៉ា