វ៉ាស៊ីនតោន៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា មេដឹកនាំមកពីសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សដល់អ៊ុយក្រែន ខណៈដែលប្រទេសរុស្ស៊ី ចាប់ផ្តើមការវាយលុកយោធាជាថ្មីនៅតំបន់ភាគខាងកើតនៃប្រទេសជិតខាងរបស់ខ្លួន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់សមភាគីរបស់គាត់ក្នុងអំឡុងពេលការហៅជាវីដេអូថា រដ្ឋាភិបាលជប៉ុននឹងបង្កើនចំនួនប្រាក់កម្ចីរបស់ខ្លួនដែលត្រូវពង្រីកដល់ទីក្រុងគៀវ ដល់ ៣០០លានដុល្លារពី ១០០លានដុល្លារ ដោយលើកឡើងថា ការជំរុញសេដ្ឋកិច្ចអ៊ុយក្រែនគឺជា “កិច្ចការបន្ទាន់” ។
ការហៅទូរសព្ទរយៈពេលមួយម៉ោង ដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានលើកឡើងថា លោកជឿជាក់ថា កងទ័ពរុស្ស៊ីបានចាប់ផ្តើម “សមរភូមិដុនបាស” ដើម្បីដណ្តើមកាន់កាប់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីបានដកថយពីជុំវិញរដ្ឋធានី ដែលពួកគេបានបរាជ័យក្នុងការដណ្តើមកាន់កាប់។
មេដឹកនាំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ជនស៊ីវិលដែលបាត់បង់ជីវិត អាចកើនឡើងបន្ថែមទៀត ខណៈដែលរុស្ស៊ីក៏បន្តការវាយប្រហាររបស់ខ្លួនលើទីក្រុងកំពង់ផែ Mariupol ភាគអាគ្នេយ៍ ដែលជាតំបន់សំខាន់ដែលតភ្ជាប់តំបន់ដុនបាស ភាគខាងកើត ដែលមានក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ីជាមួយតំបន់គ្រីមៀ ដែលត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ២០១៤ ។
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមទៀត ក្នុងនោះសេតវិមានបានឲ្យដឹងថា ការពិភាក្សា គឺនៅលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីដាក់ “ការចំណាយសេដ្ឋកិច្ចធ្ងន់ធ្ងរ ដើម្បីរក្សាឱ្យរុស្ស៊ីទទួលខុសត្រូវ”៕
ប្រែសម្រួល ឈូក បូរ៉ា