ព័ត៌មានអន្តរជាតិ

ទិវាភាសាចិន នៃអង្គការសហប្រជាជាតិ ឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូ អន្តរជាតិ លើកទី២ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបិទបញ្ចប់ដោយជោគជ័យ

ថ្ងៃទី២០ ខែមេសា ទិវាភាសាចិន នៃអង្គការសហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិលើកទី២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើនៅទីក្រុងហ្សឺណែវ។

លោកស្រី Tatiana Valovaya អគ្គនាយិកាស្នងការ ប្រចាំក្រុងហ្សឺណែវ នៃអង្គការសហប្រជាជាតិ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងលោកឯកអគ្គរដ្ឋទូតChen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅស្នងការហ្សឺណែវ នៃអ.ស.ប. និងអង្គកាភាពអន្តរជាតិផ្សេងៗ នៅប្រទេសស្វីស បានអញ្ជើញចូលរួមពិធីតាមអនឡាញ និងថ្លែងសុន្ទរកថាដោយឡែកពីគ្នា។

លោកស្រី Tatiana Valovaya បានថ្លែងថា ភាសាចិនជាភាសា ដែលមានប្រវត្តិសាស្ត្រយូរបំផុតមួយ លើសកលលោក វប្បធម៌និងប្រាជ្ញា ដែលត្រូវបានបន្តពីក្នុងនោះជាចំណែកសំខាន់ នៃអរិយធម៌មនុស្សជាតិ។ សកម្មភាពទិវាឃ្លីបវីដេអូអន្តរជាតិ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) លើកនេះ បានជំរុញឱ្យពិភពលោក យល់ដឹងកាន់តែច្រើន ពីវប្បធម៌ប្រពៃណីរបស់ចិន។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជាប្រព័ន្ធសារព័ត៌មាន អន្តរជាតិដ៏សំខាន់ នឹងបន្តទទួលខុសត្រូវ នូវបេសកកម្ម យុគសម័យក្នុងការផ្សព្វផ្សាយ ដើម្បីផ្តល់ជូនសន្តិសុខ និងសន្តិភាពកាន់តែច្រើន ដល់ពិភពលោកនេះ រួមចំណែកក្នុងការបង្កើត សហគមន៍រួមវាសនា នៃមនុស្សជាតិ។ សកម្មភាពទិវាឃ្លីបវីដេអូអន្តរជាតិ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ក្នុងបំណងចង់បង្ហាញ ការរីកចម្រើន និងច្នៃប្រឌិតថ្មី នៃវប្បធម៌ប្រពៃណីចិន ក្នុងយុគសម័យថ្មីរបស់ចិន ក៏ដូចជាបង្ហាញ ពីភាពត្រចះត្រចង់ និងជះឥទ្ធិពលគ្នារវាងអរិយធម៌ខុសៗគ្នា លើពិភពលោក។

លោកឯកអគ្គរដ្ឋទូតចិន Chen Xu បានថ្លែងថា បើមិនយល់ដឹងវប្បធម៌ចិន ដ៏យូរលង់និងអស្ចារ្យនោះ ក៏ពិបាកយល់ដឹង យ៉ាងប្រាកដប្រជាចំពោះពិភពខាងវិញ្ញាណ របស់ប្រជាជនចិន។ សង្ឃឹមថាទិវាភាសាចិន នៃអង្គការសហប្រជាជាតិ នឹងបន្តជំរុញឱ្យមិត្តអន្តរជាតិ ចំនួនកាន់តែច្រើនៗយល់ដឹង ប្រទេសចិន យកចិត្តទុកដាក់លើការអភិវឌ្ឍ របស់ប្រទេសចិន រហូតដល់ដើរតួនាទីវិជ្ជមាន ក្នុងការជំរុញការផ្លាស់ប្តូរ វប្បធម៌រវាងប្រទេសនានា។

គួរបញ្ជាក់ថា ទិវាភាសាចិននៃអង្គការ សហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិ លើកទី២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ផ្តើមពីថ្ងៃ២៦ខែកុម្ភៈឆ្នាំ២០២២ ។គិតត្រឹមថ្ងៃទី២ខែមេសា ទទួលបានស្នាដៃជាឃ្លីបវីដេអូ ចំនួនជាង ៩៥០ឃ្លីប ដែលផ្ញើពីប្រទេស និងតំបន់ចំនួន ៤៥ លើពិភពលោក ទាំងអង់គ្លេស អ៊ីតាលី ជប៉ុនជាដើម បានផ្តល់រង្វាន់ធំចំនួន ៩ និង “បេសក្ខជនយុវភាពខាងវប្បធម៌ នៃទិវាភាសាចិនអ.ស.ប.CMG” ចំនួន ៦ រូប។ទិវាលើកនេះ បានអញ្ជើញតន្ត្រីករជាតិ និងអន្តរជាតិសហការគ្នា និពន្ធនិងផលិតបទចម្រៀង ប្រធានបទរបស់សកម្មភាព ”Shaonianyou” បានរៀបចំកម្មវិធីស្វែងយល់ ពីបេតិកភ័ណ្ឌវប្បធម៌អរូបីចិន បានបង្ហាញរូបតុក្កតាឌីជីថលនិម្មិត សម្រាប់ទិវាភាសាចិន នៃអង្គការសហប្រជាជាតិ ដែលមានឈ្មោះថា Cangbao ដើម្បីរំលឹកការដែលលោក CangJie ដែលជាអ្នកបង្កើតអក្សរចិន។

ចំណែកកម្មវិធីពិសេស ស្តីពីទិវាភាសាចិន នៃអង្គការសហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិ លើកទី២ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ជាតិ និងអន្តរជាតិជាច្រើន នៅយប់ថ្ងៃទី ២០ ខែមេសា៕

To Top