ព័ត៌មានអន្តរជាតិ

News Updated៖ ចិន បញ្ជាក់ថា រកឃើញប្រអប់ខ្មៅសំខាន់ របស់យន្តហោះធ្លាក់ស្លាប់ មនុស្ស១៣២នាក់ ខូចបាត់ហើយ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា អាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រអប់ខ្មៅរបស់យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន អាកាសចរណ៍ China Eastern Airlines ដែលបានធ្លាក់ កាលពីខែមុន បានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយវានៅតែកំពុង ស្វែងរក និងវិភាគទិន្នន័យ ដើម្បីជួយកំណត់ ពីមូលហេតុនៃការធ្លាក់ ។
ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ជាឧបទ្ទវហេតុផ្លូវអាកាសសម្លាប់មនុស្ស លើកដំបូងរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១០ មកដោយបានសម្លាប់មនុស្សអស់១៣២នាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីរបាយការណ៍ធ្លាក់យន្តហោះ បឋមរបស់ខ្លួន រដ្ឋបាលអាកាសចរណ៍ស៊ីវិល នៃប្រទេសចិន ហៅកាត់(CAAC) មិនបានផ្សព្វផ្សាយព័ត៌មានណាមួយជា សាធារណៈពីឧបករណ៍ថតទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេង របស់កាប៊ីនយន្តហោះ ដែលត្រូវបានបញ្ជូន ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការវិភាគ នោះទេ ។

រដ្ឋបាល CAAC បានឲ្យដឹងថា នាវិកហោះហើរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យន្តហោះ ត្រូវបានថែទាំត្រឹមត្រូវ ហើយអាកាសធាតុល្អ នៅពេលដែលជើងហោះហើរ MU5735 ដែលកំពុងធ្វើដំណើរពី ទីក្រុងគូនមីង ទៅកាន់ទីក្រុងក្វាងចូវ បានធ្លាក់នៅជិតកន្លែងជិះ ទូកកម្សាន្ត ហើយធ្លាក់នៅលើភ្នំក្វាងស៊ី កាលពីថ្ងៃទី២១ ខែមីនា ។

សេចក្តីថ្លែងការណ៍របស់ CAAC បានដាក់ថា ការហៅទូរស័ព្ទធម្មតាចុងក្រោយ ពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ទៅកាន់យន្តហោះ គឺនៅម៉ោង២និង១៦នាទីយប់ ម៉ោងក្នុងស្រុក ខណៈដែលវា កំពុងធ្វើដំណើរ ក្នុងកម្ពស់៨.៩០០ម៉ែត្រ តិចជាង៥នាទី មុនពេលយន្តហោះចាប់ផ្តើមងាក ចេញពីផ្លូវធម្មតា ដូចដែលបានតាមដានដោយអ្នកបញ្ជានៅ ទីក្រុងក្វាងចូវ។

នៅម៉ោង២និង២១នាទីរសៀល ព័ត៌មានចុងក្រោយដែលបានកត់ត្រានៅលើរ៉ាដា មុនពេលសញ្ញាបាត់គឺ យន្តហោះនៅកម្ពស់៣.៣៨០ម៉ែត្រ ល្បឿនពីដី១.០១០គីឡូម៉ែត្រក្នុង១ម៉ោង និងដាំក្បាលមកដី១១៧ដឺក្រេ ។

ទិន្នន័យចុងក្រោយរបស់គេហទំព័រ FlightRadar24 ដែលបានកត់ត្រាជិត១នាទីក្រោយមក មានយន្តហោះនៅកម្ពស់៩៨៣ ម៉ែត្រ ល្បឿនពីដី៦០៥គីឡូម៉ែត្រក្នុង១ម៉ោង និងដាំក្បាលមកដី៨៧ដឺក្រេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top