ព័ត៌មានអន្តរជាតិ

លោក Abbas អំពាវនាវ ឱ្យអាមេរិក ធ្វើ អន្តរាគមន៍ បញ្ឈប់ វិធានការ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវដល់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន និងរដ្ឋបាលរបស់លោក ដើម្បីធ្វើអន្តរាគមន៍បញ្ឈប់ សកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ភាគច្រើននៅយេរ៉ូសាឡឹមខាងកើត។

លោក Abbas បានធ្វើសំណើកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក ។ ជំនួយការរដ្ឋមន្ត្រីការបរទេស ស្តីទីទទួលបន្ទុកកិច្ចការជិតបូព៌ា លោក Yael Lambert និងឧបការីរងរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអ៊ីស្រាអែល និង ប៉ាឡេស្ទីន Hady Amr នៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប៉ាឡេស្ទីន ។

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (WAFA) បានចុះផ្សាយថា លោក Abbas បានប្រាប់ អ្នកការទូតអាមេរិកទាំង ពីររូបថា “អ៊ីស្រាអែល ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការវាយលុករបស់ខ្លួនប្រឆាំង នឹងប៉ាឡេស្ទីន ហើយគោរពយ៉ាងពេញលេញ នូវទីតាំងផ្លូវច្បាប់ និងជាប្រវត្តិសាស្ត្រនៃវិហារអ៊ីស្លាម Al-Aqsa នៅយេរ៉ូសាឡឹមខាងកើត” ។

យោងតាម WAFA លោក Abbas បានចាត់ទុកអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុង ចំពោះភាពយ៉ាប់យ៉ឺន នៃស្ថានភាពនៅក្នុងទឹកដី ប៉ាឡេស្ទីន ភាគច្រើននៅហ្សេរុយសាឡឹមខាងកើត និងនៅវិហារអ៊ីស្លាម Al-Aqsa ។

លោក Abbas បានបន្ថែមថា “ដោយមិនមានជើងមេឃ (ដែនកំណត់) នយោបាយចំពេលមានការ បដិសេធរបស់អ៊ីស្រាអែល ក្នុងការបញ្ឈប់សកម្មភាព ឯកតោភាគី និងគោរពតាមកិច្ចព្រមព្រៀង ដែលបាន ចុះហត្ថលេខានោះ ថ្នាក់ដឹកនាំប៉ាឡេស្ទីន នឹងមានសិទ្ធិអនុវត្តការ សម្រេចចិត្តរបស់ក្រុមប្រឹក្សា កណ្តាលនៃ PLO នាពេលខាងមុខ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top