បឺលីន៖ ក្រុមបរិស្ថានបានឲ្យដឹងថា ការជំរុញការផលិតថាមពល ពីរោងចក្រថាមពល នុយក្លេអ៊ែរ អាល្លឺម៉ង់ នឹងមិនបន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីនោះទេ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។
របាយការណ៍មួយដោយ Friends of the Earth Germany (BUND) និងអង្គការបរិស្ថានផ្សេងទៀតបានឲ្យដឹងថា ការនាំចូលថាមពល នឹងផ្លាស់ប្តូរពីឧស្ម័នទៅជានុយក្លេអ៊ែរ ចាប់តាំងពីអឺរ៉ុប ពឹងផ្អែកយ៉ាងធំ លើការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូម ពីប្រទេសរុស្ស៊ី។ រួមគ្នាជាមួយកាហ្សាក់ស្ថាន រុស្ស៊ីផ្តល់ប្រហែល ៤០ភាគរយនៃការនាំចូលអ៊ុយរ៉ាញ៉ូមរបស់អឺរ៉ុប។
Rosatom គ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី គឺជាអ្នកផលិតអ៊ុយរ៉ាញ៉ូមធំជាងគេ ទីពីររបស់ពិភពលោក ដែលមានចំនួនប្រហែល ១៥ភាគរយ នៃផលិតកម្មពិភពលោក នេះបើយោងតាម BUND ។ ទន្ទឹមនឹងនេះ Rosatom ផ្តល់ច្រើនជាងមួយភាគបី នៃតម្រូវការសកល សម្រាប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម សម្រាប់ប្រតិបត្តិការរោងចក្រថាមពល នុយក្លេអ៊ែរ។
របាយការណ៍បានឲ្យដឹងថា ថាមពលអគ្គិសនីមួយគីឡូវ៉ាត់ម៉ោង ដែលផលិតនៅប្រទេសអាល្លឺម៉ង់ ជាមួយនឹងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់មានតម្លៃត្រឹមតែ ៣ទៅ ៤ អឺរ៉ូប៉ុណ្ណោះ របាយការណ៍បានឲ្យដឹងទៀតថា ខណៈពេលដែលថាមពលនុយក្លេអ៊ែរ នឹងមានតម្លៃថ្លៃកាន់តែខ្លាំង៕
ប្រែសម្រួល ឈូក បូរ៉ា