ព័ត៌មានអន្តរជាតិ

អេស្ដូនី គ្រោងបង្កើនកញ្ចប់ចំណាយ ការពារជាតិ ២,៥ភាគរយ នៃផលិតផលក្នុងស្រុក សរុប រយៈពេល ៤ឆ្នាំខាងមុខ

តាលីន៖ រដ្ឋមន្ត្រីការបរទេសអេស្តូនី Eva-Maria Liimets បានឲ្យដឹងថា ប្រទេសអេស្តូនី នឹងបង្កើនការចំណាយ លើវិស័យការពារជាតិ ក្នុងរយៈពេល៤ឆ្នាំ ខាងមុខដល់ ២,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនជាមធ្យម។

ការប្រកាសនេះបានធ្វើឡើង ក្នុងអំឡុងពេលជួប ជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Annalena Baerbock នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការចំណាយលើវិស័យការពារជាតិ បច្ចុប្បន្នរបស់ប្រទេសអេស្តូនី គឺមានចំនួន ២,៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប លើសពីកម្រិត ២ ភាគរយដែលកំណត់ដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំនោះ លោក Liimets បានលើកឡើងថា អេស្តូនី បានផ្តល់ឱ្យអ៊ុយក្រែននូវជំនួយមនុស្សធម៌ដែលមានតម្លៃជិត ១៥លានអឺរ៉ូ។

នៅក្នុងវេនរបស់នាង Baerbock បានលើកឡើងថាប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តលើថវិកាផ្លូវការចំនួន ១ពាន់លានអឺរ៉ូ ដើម្បីគាំទ្រសម្ភារៈយោធាសម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអេស្តូនី លោក Kaja Kallas ក៏បានជួបជាមួយលោកស្រី Baerbock ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ក៏ដូចជាកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលគ្រោងធ្វើនៅខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top