ព័ត៌មានអន្តរជាតិ

ប្រធានាធីបតី Zelensky ៖ ជម្លោះជាមួយរុស្ស៊ី ធ្វើឱ្យអ៊ុយក្រែនខូចខាត ៥៥០ ពាន់លានដុល្លារ

បរទេស ៖ ប្រទេស អ៊ុយក្រែន បានអះអាងថា ជម្លោះជាមួយរុស្ស៊ីបានបង្កការ ខូចខាតចំនួន ៥៥០ ពាន់លានដុល្លារ ហើយអ៊ុយក្រែនក៏បាន ទាមទារ ៧ ពាន់លានដុល្លារ ក្នុងមួយខែ ពីលោកខាងលិចផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ធនាគារពិភពលោក និង IMF កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស របស់លោកបានទទួលរងការខូចខាតច្រើន ជាងកន្លះពាន់ពាន់លានដុល្លារ ហើយត្រូវការជំនួយ រាប់ពាន់លានដុល្លារជារៀងរាល់ខែ ដើម្បីបន្តដំណើរការ ។ អាជ្ញាធរក្រុងគីវបានប៉ាន់ប្រមាណថា GDP របស់ប្រទេសនេះ ធ្លាក់ចុះនៅចន្លោះពី 30-50% ។

លោក Zelensky បាននិយាយនៅក្នុងតុមូលសន្និសីទ ទូរគមនាគមន៍ជាមួយស្ថាប័នហិរញ្ញវត្ថុ លោកខាងលិចថា “យោងតាមការប៉ាន់ប្រមាណជាបឋម អ៊ុយក្រែនបានបាត់បង់ ៥៥០ ពាន់លានដុល្លារ ដោយសារការបំផ្លិចបំផ្លាញ” ។ លោកបានបន្ថែមថា អ៊ុយក្រែនត្រូវការយ៉ាងហោចណាស់ ៧ ពាន់លានដុល្លារ ក្នុងមួយខែ ដើម្បីកសាងសេដ្ឋកិច្ច របស់ខ្លួនឡើងវិញ។

នេះគឺជាតួលេខដូចគ្នាដែលលោក Zelensky បានលើកឡើងទៅកាន់ប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen កាលពីសប្តាហ៍មុន ទោះបីជានៅពេលនោះ លោកបានអះអាងថា វាគ្រាន់តែជាការអនុញ្ញាតឱ្យរដ្ឋាភិបាល របស់លោកអាចបើកប្រាក់បៀវត្សរ៍ និងប្រាក់សោធននិវត្តន៍ក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top