ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ហាមនាវាទាំងឡាយណា ដែលដោតទង់ជាតិរុស្ស៊ី ចូលចតនៅកំពង់ផែ អាមេរិក

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន នឹងដើរតាមការដឹកនាំ របស់សហភាពអឺរ៉ុប ហើយនឹងហាមឃាត់នាវាទាំងអស់ ដែលពាក់ព័ន្ធជាមួយរុស្ស៊ី មិនឱ្យចូលចត នៅកំពង់ផែសហរដ្ឋអាមេរិក។ នេះអនុវត្តចំពោះនាវាទាំងអស់ ដែលដោតទង់ជាតិរុស្ស៊ី ដែលជាកម្មសិទ្ធិ ឬដំណើរការដោយអង្គភាព មកពីប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក បៃដិន បានលើកឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅឯសេតវិមាន បន្ទាប់ពីបានជួបជាមួយ នាយករដ្ឋមន្ត្រីអ៊ុយក្រែនថា «“គ្មានកប៉ាល់, គ្មានកប៉ាល់ណា ដែលបើកដោតទង់ជាតិរុស្ស៊ី ឬដែលកាន់កាប់ ឬដំណើរការដោយផលប្រយោជន៍រុស្ស៊ី នឹងត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែសហរដ្ឋអាមេរិក ឬចូលតាមឆ្នេរសមុទ្ររបស់យើង នោះទេ, គ្មានទេ»។

សូមជម្រាបថា សហភាពអឺរ៉ុបនៅថ្ងៃទី៦ ខែមេសា បានហាមឃាត់កប៉ាល់រុស្ស៊ី ពីការចូលចតនៅកំពង់ផែរបស់ខ្លួន។ លោក បៃដិន បាននិយាយថា ទង្វើនេះមានបំណង “បដិសេធរុស្ស៊ីនូវអត្ថប្រយោជន៍ នៃប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ដែលពួកគេទទួល បានកាលពីអតីតកាល” ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top