បរទេស៖ ក្រសួងការបរទេស របស់ប្រទេសឥណ្ឌា បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា បានផ្តល់ការយល់ព្រម សម្រាប់ប្រទេសជប៉ុន ក្នុងការទទួលយកជំនួយមនុស្សធម៌ ដែលរក្សាទុកក្នុងទីក្រុងបុមបៃ និងបម្រុងទុកសម្រាប់ជនភៀសខ្លួន អ៊ុយក្រែន នៅក្នុងទ្វីបអឺរ៉ុប ដោយបន្ថែមថា ជប៉ុនគួរតែប្រើយន្តហោះ ពាណិជ្ជកម្ម ជាជាងប្រើយន្តហោះយោធា ក្នុងការធ្វើរឿងនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការយល់ព្រមនេះធ្វើឡើងបន្ទាប់ពីជប៉ុនបានចោទប្រកាន់ឥណ្ឌាថា បានរារាំងយន្តហោះ កងកម្លាំងស្វ័យការពាររបស់ខ្លួន ពីការចុះចតនៅក្នុងទឹកដីរបស់ខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ យន្តហោះនេះត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងបេសកកម្មផ្តល់ជំនួយ ដែលគាំទ្រដោយការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
មន្ត្រីឥណ្ឌាមិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមទៀតលើបញ្ហានេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ កាសែតប្រចាំថ្ងៃ The Hindu បានផ្សាយថា ការប្រើប្រាស់យន្តហោះយោធា របស់ប្រទេសជប៉ុន នៅក្នុងបេសកកម្មនេះ អាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បី “បង្ហាញសាច់ដុំ” ចំពេលប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។
កាសែតបន្ថែមថា រដ្ឋាភិបាលទីក្រុង ញូវដែលី ដែលបានប្រកាន់ជំហរ “អព្យាក្រឹត” នៅក្នុងជម្លោះនេះ មានសក្តានុពលដែលទំនងជាចង់ជៀសវាង ពីការបង្ហាញសញ្ញាណាមួយក្នុងករណីនេះ៕
ប្រែសម្រួលៈ ណៃ តុលា