ព័ត៌មានអន្តរជាតិ

លោក Blinken ៖ អាមេរិក នឹងបញ្ជូនអ្នកការទូត ទៅអ៊ុយក្រែនវិញ ក្នុងអំឡុងពេលកិច្ចប្រជុំ នៅទីក្រុងគៀវ

គៀវ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹង ក្នុងកំឡុងដំណើរទស្សនកិច្ច ដោយមិនមានការប្រកាសមួយ ទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃអាទិត្យថា អ្នកការទូត អាមេរិក នឹងត្រឡប់ទៅអ៊ុយក្រែនវិញ ក្នុងសប្តាហ៍នេះ ដោយចាត់ទុកសកម្មភាពនេះថា ជាសារដ៏រឹងមាំ នៃសាមគ្គីភាព ពីសហរដ្ឋអាមេរិក ។

លោក Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ុយក្រែន ជាកន្លែងដែលអ្នកទាំងពីរ បានជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត ដែលធ្វើឲ្យពួកគេក្លាយជាមន្ត្រី ជាន់ខ្ពស់អាមេរិក ដែលបានធ្វើដំណើរ ទៅកាន់ប្រទេសនេះ ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីបានចាប់ផ្តើម នៅចុងខែកុម្ភៈ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានឲ្យដឹងថា ខណៈដែលនៅទីក្រុងគៀវ លោក Blinken និងលោក Austin បានជួបជាមួយលោក Zelensky រដ្ឋមន្ត្រីការបរទេស Dmytro Kuleba រដ្ឋមន្ត្រីការពារជាតិ Oleksiy Reznikov និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Denys Monastrysky សម្រាប់កិច្ចប្រជុំទ្វេភាគី ដែលមានរយៈពេលប្រហែល ៩០នាទី ។

លោក Zelensky បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោក Blinken និងលោក Austin នឹងធ្វើទស្សនកិច្ចនៅទីក្រុងគៀវ ហើយសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលនោះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top