រ៉ូម ៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា ការជាប់ឆ្នោតរបស់លោក Emmanuel Macron កាលពីថ្ងៃអាទិត្យដល់អាណត្តិ ៥ឆ្នាំទីពីរក្នុងនាមជាប្រធានាធិបតីបារាំង ផ្តល់ឱ្យអឺរ៉ុបនូវកម្រិត នៃភាពជាប់លាប់ក្នុងអំឡុង ពេលដែលមានភាពច្របូកច្របល់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ជាមួយនឹងបណ្តាប្រទេសអ៊ឺរ៉ុប ប្រឈមមុខនឹងផលប៉ះពាល់យ៉ាង ទូលំទូលាយ នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងការតស៊ូ ដើម្បីសង្គ្រោះពីផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ ការជាប់ឆ្នោតឡើងវិញរបស់លោក Macron ទំនងជាតំណាង ឱ្យការគាំទ្រដ៏រឹងមាំ សម្រាប់ការរក្សាយុទ្ធសាស្រ្តបច្ចុប្បន្ន។
លោកម៉ាក្រុង គឺជាប្រធានាធិបតី បារាំងដំបូងគេ ដែលឈ្នះអាណត្តិទីពីរ ក្នុងរយៈពេលពីរទសវត្សរ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកវិភាគបានឲ្យដឹងថា ប្រសិនបើលោក Macron ត្រូវបានគូប្រជែងរបស់លោក គឺលោកស្រី Marine Le Pen មិនបានអង្គុយទេនោះ មានការភ័យខ្លាចថា ការរួបរួមរបស់សហភាពអឺរ៉ុប (EU) អាចនឹងត្រូវបានគំរាមកំហែង ដែលបារាំង ជា សមាជិក ស្ថាបនិក សហភាព អឺរ៉ុប។
លោក Jeremy Shapiro បានលើកឡើងថា “អឺរ៉ុប គឺជាចំណុចកណ្តាល នៃគោលនយោបាយរបស់លោក Macron ក្នុងអាណត្តិទី១ របស់លោក ហើយវានឹងស្ថិតនៅក្នុងអាណត្តិទីពីរ របស់លោក។
នាយកស្រាវជ្រាវនៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទំនាក់ទំនងបរទេស បានឲ្យដឹងថា លោកម៉ាក្រុង ប្រហែលជាមានភាពជាក់ស្តែងជាង ឬស្វែងរកការកសាងការយល់ ស្របបន្ថែមទៀត ប៉ុន្តែជំនឿនៅអឺរ៉ុប នឹងមិនផ្លាស់ប្តូរនោះទេ” ។
នោះទំនងជាមានន័យថា ការបន្តគាំទ្ររបស់បារាំង សម្រាប់ជំហរសហភាពអឺរ៉ុប រួបរួមគ្នាសម្រាប់វិធានការ ក្រោយជំងឺរាតត្បាត ក៏ដូចជាសម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ។ វាក៏នឹងមានការផ្តោត ទៅលើអ្វីដែលលោក Macron បានហៅថា “អធិបតេយ្យភាពអឺរ៉ុប ការពារតម្លៃ និងអាទិភាពអឺរ៉ុបពីឥទ្ធិពលខាងក្រៅ” ។
យោងតាមលោក Jean-Pierre Darnis ជនជាតិបារាំង និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ LUISS នៅទីក្រុងរ៉ូមបានលើកឡើងថា ការជាប់ឆ្នោតឡើងវិញរបស់លោក Macron ជាប្រធានាធិបតីបារាំងអាចពង្រឹងឥទ្ធិពលរបស់លោកនៅកម្រិតអឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា