រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានឲ្យដឹងថា វិធានការរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន នឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់ដំណោះស្រាយរដ្ឋទាំងពីរ។
លោក Ishtaye បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូទ្រីស Alexander Schallenberg នៅទីក្រុងរ៉ាម៉ាឡា នៃទីក្រុងវេសបែង ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងស្ថានភាពនយោបាយក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។
លោក Ishtaye បានលើកឡើងថា “វិធានការរបស់អ៊ីស្រាអែល ក្នុងការពន្លឿនវដ្តនៃការតាំងទីលំនៅ ការរុះរើផ្ទះរបស់ប៉ាឡេស្ទីន ការរឹបអូសយកដីធ្លី វិធានការនៅវិហារអ៊ីស្លាម Al-Aqsa និងការវាយឆ្មក់ប្រចាំថ្ងៃលើទីប្រជុំជន West Bank កំពុងធ្វើឱ្យប៉ះពាល់ដល់ដំណោះស្រាយរដ្ឋទាំងពីរ” ។
លោកក៏បានសំដៅទៅលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងទឹកដីប៉ាឡេស្ទីន “ដែលត្រូវបានផ្សារភ្ជាប់ទាំងស្រុងទៅនឹងវិធានការរបស់អ៊ីស្រាអែល និងការគ្រប់គ្រងរបស់អ៊ីស្រាអែល លើធនធានប៉ាឡេស្ទីន”៕
ប្រែសម្រួល ឈូក បូរ៉ា