ព័ត៌មានអន្តរជាតិ

Update: អង់គ្លេស លើកទឹកចិត្ត កងកម្លាំងអ៊ុយក្រែន ប្រើអាវុធដែលផ្គត់ផ្គង់ ដោយអង់គ្លេស វាយប្រហារគោលដៅ នៅក្នុងប្រទេសរុស្ស៊ី

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ទីក្រុងឡុងដ៍ពី “ការបង្កហេតុដោយផ្ទាល់” បន្ទាប់ពីរដ្ឋមន្ត្រីកងកម្លាំងប្រដាប់ អាវុធ អង់គ្លេសលោក James Heappey បានលើកទឹកចិត្ត កងកម្លាំងអ៊ុយក្រែន ឱ្យប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារគោលដៅ នៅក្នុងប្រទេសរុស្ស៊ី។ ក្រសួងបានព្រមាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា រាល់ការប៉ុនប៉ង ដើម្បីធ្វើដូច្នេះនឹងទាមទារ ឱ្យមានការឆ្លើយតបភ្លាមៗ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការព្រមានរបស់យោធារុស្ស៊ីថា «យើងចង់បញ្ជាក់ថា ការញុះញង់ដោយផ្ទាល់របស់ទីក្រុងឡុងដ៍ ចំពោះរបបក្រុងគៀវ ចំពោះសកម្មភាព បែបនេះ ប្រសិនបើពួកគេព្យាយាមធ្វើដូច្នេះ នឹងនាំទៅរកការឆ្លើយតប តាមសមាមាត្ររបស់យើងភ្លាមៗ ។ ដូចដែលយើងបានព្រមានហើយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងរង់ ចាំគ្រប់ម៉ោង ដើម្បីសងសឹកជាមួយ នឹងអាវុធដែលមានភាពជាក់លាក់ខ្ពស់ រយៈចម្ងាយឆ្ងាយប្រឆាំង នឹងមជ្ឈមណ្ឌលធ្វើសេចក្តី សម្រេចចិត្តក្នុងទីក្រុងគីវ» ។

ក្រសួងការពារជាតិរុស្ស៊ីបានបន្តថា “ទីប្រឹក្សាមកពីប្រទេស លោកខាងលិច” ដែលមានទីតាំងនៅមជ្ឈមណ្ឌលទាំងនេះ “នឹងមិនចាំបាច់ជាបញ្ហាទេ” នៅក្នុងការសម្រេចចិត្តរបស់រុស្ស៊ី ទាក់ទងនឹងវិធានការសងសឹក ។

សូមជម្រាបថា នៅព្រឹកថ្ងៃដដែល លោក Heappey បាននិយាយថា ក្រុងកៀវអាចប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ដើម្បីបើកការវាយប្រហារ លើទឹកដីរុស្ស៊ី ដោយច្រានចោលការភ័យខ្លាចថា នេះនឹងនាំឱ្យមានការកើនឡើង ជាអន្តរជាតិ៕
ប្រែសម្រួលៈ ណៃ តុលា

To Top