ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ត្រៀមខ្លួនរៀបចំ សម្រាប់ការកាត់ផ្តាច់ឧស្ម័ន របស់រុស្ស៊ី

ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការផ្អាក ការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី ទៅកាន់ប្រទេសជាសមាជិករបស់ខ្លួន។

ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងបញ្ឈប់ទាំងស្រុងនូវ ការចែកចាយឧស្ម័នរបស់ខ្លួន ទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្គារី ដោយសារតែប្រទេស សមាជិកសហភាពអឺរ៉ុបទាំងពីរ “ខកខានក្នុងការទូទាត់ជាប្រាក់រូបល” ។

នៅក្នុងសេចក្តីថ្លែងការណ៍ ប្រតិកម្មទៅនឹងការប្រកាសរបស់ក្រុមហ៊ុន Gazprom លោកស្រី von der Leyen បានហៅទង្វើនេះថា “ការប៉ុនប៉ងមួយទៀតរបស់រុស្ស៊ី ក្នុងការប្រើប្រាស់ឧស្ម័នជាឧបករណ៍នៃការ blackmail” នៅក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារកាលពីថ្ងៃទី២៣ ខែមីនាថា កិច្ចសន្យាឧស្ម័នបច្ចុប្បន្នរបស់រុស្ស៊ីជាមួយ “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” គួរតែត្រូវបានបង់ជាប្រាក់រូបល។

លោកស្រី von der Leyen បានលើកឡើងថា “យើងបានធ្វើការ ដើម្បីធានាឱ្យមានការដឹកជញ្ជូនជំនួស និងកម្រិតផ្ទុកល្អបំផុត ដែលអាចធ្វើទៅបាន នៅទូទាំងសហភាពអឺរ៉ុប” ហើយក្រុមអ្នកសម្របសម្រួល ឧស្ម័នកំពុងជួបប្រជុំគ្នា ដើម្បីរៀបចំផែនការឆ្លើយតប របស់សហភាពអឺរ៉ុប ដែលសម្របសម្រួល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top