ព័ត៌មានអន្តរជាតិ

មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន ជួបពិភាក្សា សម្រាប់ការគាំទ្រទីក្រុងគៀវ លើជំនួយផ្នែកហិរញ្ញវត្ថុ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីការគាំទ្របន្ថែមទៀត សម្រាប់ទីក្រុងគៀវ រួមទាំងជំនួយផ្នែកម៉ាក្រូហិរញ្ញវត្ថុ ជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ។

លោក Zelensky បានសរសេរថា ភាគីនានាបាននិយាយអំពី កញ្ចប់ទណ្ឌកម្មទី៦ លើរុស្ស៊ី ដែលនឹងរួមបញ្ចូលទាំង ការដាក់ទណ្ឌកម្ម លើប្រេងផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំអ៊ុយក្រែន ក៏បានឲ្យដឹងផងដែរថា លោកបានថ្លែងអំណរគុណ ដល់គណៈកម្មការអឺរ៉ុប ដែលបានសម្រេចចិត្តលុបចោលពន្ធគយ និងកូតាលើទំនិញឧស្សាហកម្ម និងអាហារអ៊ុយក្រែន។

នៅព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានលើកឡើងថា អឺរ៉ុប ត្រៀមខ្លួនរួចជាស្រេច ក្នុងការដកពន្ធនាំចូលលើទំនិញអ៊ុយក្រែន ក្នុងរយៈពេលមួយឆ្នាំ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top