គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ក្រុងកៀវមានឆន្ទៈក្នុង ការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ី ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការស្តារឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន ។
លោក Shmyhal បានសរសេរ នៅលើបណ្ដាញ Telegram ថា “មូលនិធិរបស់រដ្ឋាភិបាលរុស្ស៊ី និង oligarchs នឹងក្លាយជាប្រភពសំខាន់មួយ សម្រាប់ការបំពេញមូលនិធិ សម្រាប់ការកសាង ប្រទេសរបស់យើង” ។
លោក Shmyhal បានបន្ដថា ប្រទេសអ៊ុយក្រែនកំពុងពិភាក្សា ជាមួយបណ្តាប្រទេស នៃក្រុមទាំងប្រាំពីរ ជុំវិញការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយលោក Shmyhal បានលើកឡើងថា ប្រទេសកាណាដា បានរៀបចំច្បាប់រួចហើយ សម្រាប់សកម្មភាពបែបនេះ។
មុននេះលោក Shmyhal បានឲ្យដឹងថា គណៈរដ្ឋមន្ត្រី របស់លោក បានបង្កើត មូលនិធិស្តារឡើងវិញ សម្រាប់ការកសាង ឡើងវិញរយៈពេលវែង របស់អ៊ុយក្រែន ហើយបានប៉ាន់ប្រមាណថាការស្តារឡើងវិញ ពេញលេញរបស់ប្រទេស នឹងត្រូវចំណាយអស់ប្រហែល ៦០០ពាន់លានដុល្លារ។
ប្រទេសរុស្ស៊ីមានជាង ៦០០ពាន់លានដុល្លារអាមេរិកជាប្រាក់បំរុងរូបិយប័ណ្ណបរទេស ដែលរក្សាទុកជាប្រាក់ដុល្លារ មាស និងរូបិយប័ណ្ណផ្សេងទៀត ប្រហែលពាក់កណ្តាល នៃពួកគេត្រូវបានគេជឿថា ត្រូវបានបង្កកដោយការរឹតបន្តឹង ដែលដាក់ដោយរដ្ឋាភិបាលលោកខាងលិច លើធនាគារកណ្តាលរបស់ខ្លួន ៕ប្រែសម្រួល ឈូក បូរ៉ា
