ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ស្នើឱ្យរៀបចំប្រព័ន្ធបោះឆ្នោត របស់ប្រទេសឡើងវិញ

ម៉ិកស៉ិក ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានលើកឡើងថា លោកគ្រោងនឹងដាក់ច្បាប់ មួយទៅកាន់សភា ដើម្បីផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត របស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

កំណែទម្រង់ ដែលបានស្នើឡើងរួមមានការជំនួសវិទ្យាស្ថាន បោះឆ្នោតជាតិស្វយ័ត ដែលជាស្ថាប័នរៀបចំការបោះឆ្នោត ការលុបបំបាត់តំណាង សមាមាត្រនៅក្នុងសភា និងកាត់បន្ថយការចំណាយរហូតដល់ ២៤ពាន់លានប៉េសូ (១,២ ពាន់លានដុល្លារអាមេរិក)។

លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា កំណែទម្រង់រដ្ឋធម្មនុញ្ញស្តីពីបញ្ហាបោះឆ្នោត នឹងបង្កើតវិទ្យាស្ថានជាតិ សម្រាប់ការបោះឆ្នោត និងពិគ្រោះ យោបល់ និងរៀបចំការបោះឆ្នោត សហព័ន្ធដោយលុបចោល នូវស្ថាប័នបទប្បញ្ញត្តិ ដែលកំពុងទទួលបន្ទុករៀបចំការ បោះឆ្នោតនៅក្នុងរដ្ឋនីមួយៗ។

ផ្ទាំងពាណិជ្ជកម្ម

លោក Lopez Obrador បានលើកឡើងថា កំណែទម្រង់នឹងបញ្ចប់ “ការក្លែងបន្លំការបោះឆ្នោត និងធានាការអនុវត្តពេញលេញនៃលទ្ធិប្រជាធិបតេយ្យ” ។ យោងតាមសំណើនេះ ចំនួនអាសនៈ នីតិប្បញ្ញត្តិនៅក្នុងសភា ជាន់ទាបនឹងត្រូវកាត់បន្ថយពី ៥០០ មក ៣០០ ហើយចំនួនអាសនៈព្រឹទ្ធសភា នឹងត្រូវកាត់បន្ថយពី ១២៨ មក ៩៦វិញ ។

ម្យ៉ាងវិញទៀតវិធីសាស្ត្រ នៃការតែងតាំងតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាក្រុងនឹងត្រូវ ប្តូរពីតំណាងសមាមាត្រ ដោយប្រយោលទៅជាការបោះឆ្នោត ដោយផ្ទាល់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top