បរទេស៖ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា រដ្ឋាភិបាលអាមេរិកត្រូវការសភាអនុម័តថវិកា ដែលស្នើចំនួន ៣៣ពាន់លានដុល្លាររបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះវានៅសល់តែ ២៥០លានដុល្លារពីកញ្ចប់ជំនួយពីមុនសម្រាប់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើសំណើកាលពីថ្ងៃព្រហស្បតិ៍។ លោកបានសារភាពថា ថវិកា ៣៣ ពាន់លានដុល្លារ “មិនថោកទេ” ប៉ុន្តែបានអះអាងថា “ការដែលមិនទប់ទល់នឹងការឈ្លានពាន នឹងមានតម្លៃថ្លៃជាង” ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅថ្ងៃដដែលនោះ លោកស្រី Psaki ត្រូវបានសួរថាតើកាលបរិច្ឆេទកំណត់សម្រាប់ពេលណាដែលរដ្ឋាភិបាល “ត្រូវការជាចាំបាច់” នូវមូលនិធិថ្មី។ លោកស្រីបានឆ្លើយតបថា “តម្រូវការគឺជារឿងបន្ទាន់ ដូចជាតម្រូវការសម្រាប់ការផ្តល់មូលនិធិ Covid ជាបន្ទាន់”។
លោកស្រីថា “ដូចដែលអ្នកបានដឹងហើយថា យើងមានជំនួយសន្តិសុខយោធាចំនួន ៣,៥ ពាន់លានដុល្លារ។ យើងមានប្រហែល ២៥០លានដុល្លារដែលនៅសេសសល់។ ដូច្នេះ ជាក់ស្តែង យើងនឹងធ្វើការដើម្បីពន្លឿនរឿងនោះ និងផ្តល់ជូនដល់អ៊ុយក្រែន»៕ ប្រែសម្រួលៈ ណៃ តុលា