បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនមានផលប្រយោជន៍អ្វីជាមួយនឹងសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែជំនួសមកវិញនូវអ្វីៗគ្រប់យ៉ាងដែលអាមេរិកអាចធ្វើទៅបាន គឺដើម្បីឱ្យជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន អូសបន្លាយរយៈពេលយូរ តាមដែលអាចធ្វើទៅបាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zhao បានទទូចថា “ខណៈពេលដែលសហគមន៍អន្តរជាតិកំពុងអំពាវនាវឱ្យបញ្ចប់អរិភាពនោះ គឺ សហរដ្ឋអាមេរិក នៅតែបន្តបន្ថែមប្រេងដល់ភ្លើង និងបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរហូតចុងក្រោយដល់អ៊ុយក្រែន “។ លោក Zhao បានទទូចដោយសំដៅទៅលើ ជំនួយហិរញ្ញវត្ថុដែលកំពុងបន្ត និងការបញ្ជូនអាវុធពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងគៀវ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បន្តថា “គោលដៅពិតប្រាកដរបស់ពួកគេ (អាមេរិក) គឺមិនត្រូវឱ្យសន្តិភាព សម្រេចបាននោះទេ ប៉ុន្តែត្រូវប្រាកដថាជម្លោះបន្តអូសបន្លាយ។ ដូចដែល [អាមេរិក] និយាយដោយខ្លួនឯង ពួកគេកំពុងសម្លឹងមើលការដែលធ្វើឱ្យរុស្ស៊ីចុះខ្សោយ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ចំពោះថាតើសហរដ្ឋអាមេរិកនាំមកនូវសន្តិភាព ឬសង្រ្គាម សន្តិសុខ ឬភាពចលាចល ខ្ញុំគិតថាយើងទាំងអស់គ្នាដឹងចម្លើយចំពោះសំណួរទាំងនោះហើយ៕ ប្រែសម្រួលៈ ណៃ តុលា