ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមាន ប្រឆាំងនឹង ការធ្វើនយោបាយ លើបញ្ហាអាវុធគីមី របស់ស៊ីរី

តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ការធ្វើនយោបាយលើបញ្ហា អាវុធគីមីរបស់ស៊ីរី នឹងធ្វើឱ្យប៉ះពាល់ដល់ សិទ្ធិអំណាចរបស់អង្គការឃ្លាំមើល អាវុធគីមីរបស់ពិភពលោក និងរារាំងការសន្ទនាប្រកប ដោយស្ថាបនាជាមួយប្រទេស ស៊ីរីលើបញ្ហានេះ។

តំណាងអចិន្ត្រៃយ៍ របស់អ៊ីរ៉ង់ប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Zahra Ershadi បានធ្វើការកត់ សម្គាល់ នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពអាវុធគីមី នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃសុក្រ នេះបើយោងតាមសារព័ត៌មាន Press TV ។

លោកស្រី បានបន្តថា អ៊ីរ៉ង់ប្រឆាំង យ៉ាងខ្លាំង ចំពោះការប្រើអាវុធគីមី នៅគ្រប់ទីកន្លែង ដោយអ្នកណា ក៏ដោយ និងស្ថិត ក្នុងកាលៈទេសៈ ណា ក៏ ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកស្រី Ershadi ត្រូវបានគេដកស្រង់សម្តី ថា “យើងសូមរំលឹកឡើងវិញ នូវការអំពាវនាវ របស់យើង សម្រាប់ការអនុវត្ត ពេញលេញ ប្រសិទ្ធភាព មិន នយោបាយ និងមិនរើសអើង នៃ CWC (អនុសញ្ញា អាវុធ គីមី)” ។

ប្រេសិតអង្គការសហប្រជាជាតិ របស់អ៊ីរ៉ង់រូបនេះ ក៏បានអំពាវនាវ ឱ្យរក្សាសិទ្ធិអំណាច របស់អង្គការហាមឃាត់ អាវុធគីមី (OPCW) ដែលជាស្ថាប័ន អនុវត្តអន្តររដ្ឋាភិបាល សម្រាប់ CWC ផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top