ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ ត្រៀមខ្លួនសង បំណុលដល់អ៊ីរ៉ង់ជាង ១ពាន់លានដុល្លារ ជាសំណងថ្លៃថាមពល

តេអេរ៉ង់ ៖ លោក Yahya Al Eshaq ប្រធានសភាពាណិជ្ជកម្មរួម អ៊ីរ៉ង់-អ៊ីរ៉ាក់ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានអ៊ីរ៉ង់ IRNA ឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសងបំណុល របស់ខ្លួនទៅឱ្យប្រទេសអ៊ីរ៉ង់ ហើយនីតិវិធីនៃការសងបំណុល នឹងចាប់ផ្តើមនៅក្នុង ប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Al Eshaq បានលើកឡើងថា ប្រទេសអ៊ីរ៉ាក់នឹងសងប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ដែលភាគច្រើន ជាវិក្កយបត្រថាមពល ដល់រដ្ឋាភិបាលអ៊ីរ៉ង់ តាមរយៈយន្តការដែលបង្កើតឡើង ដោយធនាគារកណ្តាលអ៊ីរ៉ង់ ។

លោកបានកត់សម្គាល់ថា វិស័យឯកជន របស់ប្រទេស អ៊ីរ៉ង់ កំពុងទទួល បានសំណង ចំនួន ៩ពាន់លានដុល្លារទៀត ពីប្រទេស អ៊ីរ៉ាក់ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Al Eshaq បានបន្ថែមថា អ៊ីរ៉ង់ និងអ៊ីរ៉ាក់ មានប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាប្រចាំ ទាំងក្នុងវិស័យឯកជន និងដោយរដ្ឋាភិបាល។

ទណ្ឌកម្ម របស់អាមេរិក ដែលដាក់ លើអ៊ីរ៉ង់ បានដាក់ ឧបសគ្គ សម្រាប់អ៊ីរ៉ាក់ ក្នុងការ ចំណាយ លើការនាំចូល ថាមពល ពី អ៊ីរ៉ង់ តាមប្រព័ន្ធ ហិរញ្ញវត្ថុ អន្តរជាតិ ។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីអគ្គិសនី ស្តីទីអ៊ីរ៉ាក់ដែលកំពុងបំពេញ ទស្សនកិច្ចលោក Adel Karim បានលើកឡើងថា ប្រទេសទាំងពីរកំពុងឈាន ដល់កិច្ចព្រមព្រៀងមួយ ស្តីពីការទូទាត់ការ នាំចូលឧស្ម័នរបស់ប្រទេសអ៊ីរ៉ាក់ ទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់កាសែត Tehran Times របស់អ៊ីរ៉ង់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top