ព័ត៌មានអន្តរជាតិ

ចិន មានទំនុកចិត្ដ សមត្ថភាព និងលក្ខណ្ឌ ក្នុងការសម្រេចគោលដៅ សេដ្ឋកិច្ចឆ្នាំ២០២២

ប៉េកាំង៖ មន្ត្រីដែលមានផែនការ សេដ្ឋកិច្ចកំពូល របស់ប្រទេសនេះបានឲ្យដឹងថា ប្រទេសចិនមានទំនុកចិត្ត សមត្ថភាព និងលក្ខខណ្ឌក្នុងការសម្រេច បាននូវគោលដៅ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅឆ្នាំនេះ។

លោក Zhao Chenxin អគ្គលេខាធិការ នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បាននិយាយថា ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ គឺបណ្តោះអាសន្ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Zhao រំពឹងថា សេដ្ឋកិច្ចចិននឹងវិលមករកផ្លូវ ធម្មតាវិញ ក្នុងពេលឆាប់ៗនេះ ជាមួយនឹងឥទ្ធិពលគោលនយោបាយ នៃការសម្របសម្រួល ការគ្រប់គ្រងជំងឺកូវីដ-១៩ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចបន្តិចម្តងៗ។ មន្ត្រីរូបនេះបានអំពាវនាវឱ្យពន្លឿន ការអនុវត្តគោលនយោបាយ ដែលបានបង្កើតឡើង។

លោក Zhao បានបន្ដថា កិច្ចខិតខំប្រឹងប្រែងគួរតែ ត្រូវបានធ្វើឡើង ដើម្បីដោះស្រាយ យ៉ាងសកម្មនូវការផ្លាស់ប្តូរ លើសពីការរំពឹងទុក រៀបចំផែនការឧបករណ៍ គោលនយោបាយបន្ថែម និងបង្កើនការកែសម្រួល គោលនយោបាយ ដើម្បីធ្វើឱ្យ មានស្ថេរភាពមូលដ្ឋាន សេដ្ឋកិច្ចរបស់ប្រទេសចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top