វ៉ាស៊ីនតោន៖ អ្នកប្រាជ្ញអាមេរិកលោក John Mearsheimer បានឲ្យដឹងថា មូលហេតុដ៏ជ្រៅនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺការពង្រីកអង្គការណាតូ ហើយ “រុស្ស៊ីកំពុងមានប្រតិកម្មទៅនឹងការ ប៉ុនប៉ងរបស់លោកខាងលិច ដើម្បីធ្វើឱ្យអ៊ុយក្រែនក្លាយ ជាបន្ទាយខាងលិចនៅតាមព្រំដែនរុស្ស៊ី” ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយកាសែតស៊ិនហួ សាស្ត្រាចារ្យវិទ្យាសាស្ត្រ នយោបាយនៅសាកលវិទ្យាល័យ Chicago បានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនចង់ធ្វើឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការ NATO ដែលជាផ្នែកមួយនៃការធ្វើឱ្យ អ៊ុយក្រែនក្លាយជាផ្នែករបស់លោកខាងលិច។
លោក Mearsheimer ដែលល្បីល្បាញខាងវិទ្យាសាស្ត្រនយោបាយ និងការសិក្សាទំនាក់ទំនង អន្តរជាតិបានលើកឡើងថា “តាមទស្សនៈរបស់រុស្ស៊ី នេះគឺជាការមិនអាចទទួលយកបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Mearsheimer បានបន្ដថា យុទ្ធសាស្ត្ររបស់រុស្ស៊ី គឺធ្វើឱ្យប្រាកដថា អ៊ុយក្រែនមិនក្លាយជា ផ្នែកមួយនៃអង្គការណាតូ ហើយជាទូទៅមិនក្លាយជា ផ្នែកមួយនៃលោកខាងលិច។
អ្នកប្រាជ្ញរូបនេះបានបន្ថែមថា “ជនជាតិអាមេរិកតាំងចិត្តនឹងឈ្នះ រុស្ស៊ីតាំងចិត្តនឹងឈ្នះ។ ក្នុងស្ថានភាពបែបនេះ វាពិបាកក្នុងការមើលពីរបៀប ដែលអ្នកអាចដោះស្រាយនូវ ប្រភេទនៃកិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឲ្យសង្រ្គាមនេះបញ្ចប់”។
ក្នុងនាមជាអ្នកប្រាជ្ញជាក់ស្តែង ក្នុងទំនាក់ទំនងអន្តរជាតិ លោក Mearsheimer នៅតែប្រកាន់ថា ការពង្រីករបស់អង្គការណាតូ នឹងត្រូវបង្ខាំងនៅអឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									