គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា ការជម្លៀសមួយកំពុង ដំណើរការនៅខាងក្នុងរោងចក្រ Azovstal ក្នុងទីក្រុង Mariupol ដែលឡោមព័ទ្ធដោយកងទ័ពរុស្ស៉ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកប្រធានាធិបតី Zelensky បានសរសេរថា “ក្រុមដំបូងដែលមានមនុស្សប្រហែល ១០០នាក់ កំពុងធ្វើដំណើរទៅកាន់តំបន់គ្រប់គ្រងរួចហើយ” ។ លោកបានបន្ដថា ជនភៀសខ្លួនគ្រោងនឹងមកដល់ទីក្រុង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទនេះ។

លោក Petro Andryushchenko ទីប្រឹក្សាអភិបាលក្រុង Mariupol បានឲ្យដឹងនៅមុននេះបន្តិចនៅលើបណ្ដាញ Telegram ថា ការជម្លៀសបានចាប់ផ្តើមនៅម៉ោង ៤ រសៀលម៉ោងក្នុងស្រុកថ្ងៃអាទិត្យម្សិលមិញនេះ ។
លោក Zelensky បានលើកឡើងថា អាជ្ញាធរអ៊ុយក្រែន កំពុងធ្វើការជាមួយអង្គការសហប្រជាជាតិ ដើម្បីជម្លៀសជនស៊ីវិលផ្សេងទៀត ចេញពីរោងចក្រ។
ការជម្លៀសចេញពីទីក្រុង Mariupol គឺជាចំណុចកណ្តាលនៃ កិច្ចពិភាក្សារវាងលោក Zelensky និងអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ៕
ប្រែសម្រួល ឈូក បូរ៉ា
