ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាបន្តកិច្ចចរចា នុយក្លេអ៊ែរ រហូតដល់ ផលប្រយោជន៍ជាតិ ត្រូវបាន ការពារទាំងស្រុង

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានសន្យាកាលពីថ្ងៃអាទិត្យ ដើម្បីបន្តកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រហូតដល់ផលប្រយោជន៍ជាតិ របស់ខ្លួនត្រូវបានការពារ ទាំងស្រុង និងទូលំទូលាយ។

ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយលោក Ali Bahadori-Jahromi អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងកិច្ចពិភាក្សាថា សហរដ្ឋអាមេរិក ជិតទទួលយកការបរាជ័យ នៃកិច្ចចរចា នុយក្លេអ៊ែរ នៅទីក្រុងវីយែន។

លោក Bahadori-Jahromi បានកត់សម្គាល់ថា ការចរចានុយក្លេអ៊ែរ គឺស្ថិតក្នុងចំណោមអាទិភាព កំពូលរបស់អ៊ីរ៉ង់ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យរូបនេះ បានសន្និដ្ឋានថា អ៊ីរ៉ង់នឹងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងក្របខ័ណ្ឌនៃយន្តការការទូតអន្តរជាតិ រហូតដល់ប្រទេសនេះ ការពារផលប្រយោជន៍សេដ្ឋកិច្ច និងសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន ។

នៅខែកក្កដា ឆ្នាំ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខា ជាមួយ មហាអំណាច លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដែលទីក្រុងតេអេរ៉ង់ យល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្មអន្តរជាតិ លើប្រទេសរបស់ខ្លួន ៕

To Top