ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធា មីយ៉ាន់ម៉ា សន្យាពិនិត្យលទ្ធភាព ឱ្យមានជំនួបរវាងប្រេសិតពិសេសប្រធានអាស៊ាន ជាមួយលោកស្រី អោង សានស៊ូជី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលឱ្យមានជំនួបរវាង ប្រេសិតពិសេសប្រធានអាស៊ាន ជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោកស្រី អោង សានស៊ូជី ផងដែរ ខណៈដែលប្រេសិតពិសេសប្រធានអាស៊ាន គ្រោងនឹងបំពេញទស្សនកិច្ចជាលើកទី២ នៅចុងខែនេះ។

ការសន្យារបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា បែបនេះ ធ្វើឡើងក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងអន្តរជាតិស្ដីអំពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និង លោក មីន អោងឡាំង បានឱ្យដឹងថា ហ៊ុន សែន បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុញ្ញាតឱ្យ ប្រេសិតពិសេស បានចូលជួបជាមួយភាគី ពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោកស្រី អោង សានស៊ូជី និងលោកអតីតប្រធានាធិបតី វិន ម្ញីន សំដៅជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្តើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។

ប្រភពដដែលបញ្ជាក់ថា «ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលជំនួបជាមួយភាគីពាក់ព័ន្ធទាំងនោះ»៕

To Top