ព្រុចសែល៖ បំពង់បង្ហូរ Nord Stream 2 ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ដោយសម្ព័ន្ធមិត្តមួយចំនួនរបស់អាល្លឺម៉ង់ថា ជាហានិភ័យសន្តិសុខ និងធ្វើឱ្យមានការពឹងផ្អែកលើ ឧស្ម័នរុស្ស៊ីកើនឡើង។
ប្រភពនានាបានឲ្យដឹងថា សហភាពអឺរ៉ុប នឹងស្នើការហាមឃាត់ ជាដំណាក់កាលលើការនាំចូល ប្រេងពីរុស្ស៊ី ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ចំពោះការឈ្លានពាន អ៊ុយក្រែន។
ក្រុមអ្នកការទូតបានឲ្យដឹងថា គណៈកម្មការអឺរ៉ុប ដែលបង្កើតទណ្ឌកម្មសម្រាប់ប្លុកនេះ បច្ចុប្បន្នកំពុងរៀបចំអត្ថបទមួយ ដែលអាចដាក់ទៅកាន់ ប្រទេសសមាជិកទាំង២៧ នៅព្រឹកថ្ងៃពុធ។

អ្នកការទូតជាច្រើននាក់បានឲ្យដឹងថា ការហាមប្រាមប្រេងត្រូវ បានធ្វើឡើងបន្ទាប់ពីមានការ បដិសេធដោយអាល្លឺម៉ង់ ដែលបានលើកឡើងថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់ខ្លួនខ្លាំងពេក។
ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា រុស្ស៊ីកំពុងបង្កើនការវាយប្រហារ របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយធ្វើឱ្យទណ្ឌកម្មថ្មី “ពិតជាចាំបាច់”។
លោកបានលើកឡើងថា “យើងត្រូវតែប្រើប្រាស់សមត្ថភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់យើងដើម្បី ធ្វើឱ្យរុស្ស៊ីបង់ថ្លៃសម្រាប់អ្វីដែលខ្លួនកំពុងធ្វើ”។ ប្រភពបានឲ្យដឹងថា គណៈកម្មាការនឹងស្នើដាក់ បម្រាមនេះក្នុងរយៈពេលពី ៦ ទៅ ៨ខែ ដើម្បីផ្តល់ពេលវេលាដល់ប្រទេសនានា ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់របស់ពួកគេ ៕
ប្រែសម្រួល ឈូក បូរ៉ា
