ប្រ៊ុចស៊ែល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា មន្ត្រីសហភាពអឺរ៉ុប២រូប បានលើកឡើងកាលពីថ្ងៃចន្ទថា គណៈកម្មការអឺរ៉ុប (EU) អាចនឹងរំដោះឲ្យប្រទេសហុងគ្រី និងស្លូវ៉ាគី ពីការដាក់ទណ្ឌកម្ម លើការទិញប្រេងពីរុស្ស៊ី ដែលឥឡូវនេះ កំពុងរៀបចំដោយប្រយ័ត្នប្រយែង ពីការពឹងផ្អែករបស់ប្រទេសទាំង២ លើប្រេងឆៅរបស់រុស្ស៊ី ។
គណៈកម្មការនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការងារនៅថ្ងៃអង្គារនេះ លើការងារបន្ទាប់ និងមានកញ្ចប់ទី៦ នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ជុំវិញសកម្មភាពរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដែលនឹងរួមបញ្ចូលការហាមឃាត់ ការទិញប្រេងពីរុស្ស៊ី ។ ការនាំចេញប្រេង គឺជាប្រភពចំណូលដ៏សំខាន់ របស់ទីក្រុងម៉ូស្គូ ។
ប្រទេសហុងគ្រី ដែលពឹងផ្អែកខ្លាំង លើប្រេងរបស់រុស្ស៊ី បានលើកឡើងច្រំដដែលៗថា ខ្លួននឹងមិនចុះហត្ថលេខា លើការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹង ថាមពលនោះទេ ។ ប្រទេសស្លូវ៉ាគី ក៏ស្ថិតក្នុងចំណោមប្រទេស សហភាពអឺរ៉ុប ដែលពឹងផ្អែកខ្លាំងបំផុត លើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ដែរ ។
មន្ត្រីម្នាក់បានថ្លែងថា ដើម្បីរក្សាប្លុក២៧ប្រទេសឱ្យរួបរួមគ្នា គណៈកម្មការអាចនឹងផ្តល់ឲ្យស្លូវ៉ាគី និងហុងគ្រី “ការលើកលែង ឬរយៈពេលអន្តរកាលដ៏វែង” ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានថ្លែងអំណរគុណ ដល់ប្រទេសស្លូវ៉ាគី សម្រាប់ការគាំទ្រ ដល់ទីក្រុង គៀវ ក្នុងអ្វីដែលហាក់ដូចជាសញ្ញា នៃការយល់ដឹងអំពីជំហររបស់ស្លូវ៉ាគី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា