ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត ឱ្យវិនិយោគិនកូរ៉េ មកបង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ការជំរុញបែបនេះបានធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរជន និងវិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បន្តថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួន ជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជន ដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យ ក្រុមហ៊ុនសហការ ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពនាំចូលផលិតផលកសិកម្ម សក្តានុពលផ្សេងៗ ទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្ត ឱ្យវិនិយោគិនកូរ៉េ មកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ នានាផងដែរ។
ជាការឆ្លើយតប លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ប៉ាន សូរស័ក្តិ ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ។ លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH ក៏បានជម្រាប លោករដ្ឋមន្រ្តី ពីគោលបំណងក្នុងការនាំចូលស្វាយ ពីកម្ពុជាយ៉ាងហោចណាស់១ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពធុរកិច្ចលើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕