ភ្នំពេញ៖ ក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី៣ ខែឧសភានេះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH របស់កូរ៉េខាងត្បូង បានបង្ហាញពីគោលបំណង ក្នុងការនាំចូលស្វាយ ពីកម្ពុជាយ៉ាងហោចណាស់១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។
សូមរំលឹកថា ភាគីកូរ៉េបានអនុម័ត នូវការអនុញ្ញាតិឲ្យនាំចូលស្វាយ ពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។ មុនពេលឲ្យមានការនាំចេញស្វាយទៅកូរ៉េ ក្រសួងកសិកម្ម ក៏បានជួយកសិករ ឲ្យបង្កើនចំណេះដឹង និងបច្ចេកទេសក្នុងការដាំដុះ។ ដោយមានកិច្ចចរចាផ្លូវរដ្ឋ បច្ចុប្បន្នផ្លែស្វាយកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារថៃ និងវៀតណាម ។ ជាលទ្ធផល អស់រយៈពេល៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជា ត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ជា លើកដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយនៅទូទាំងប្រទេសមានចំនួន ប្រមាណ១០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ៨ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបានជាង១៥ តោន ក្នុងមួយហិកតា បើគិតសរុបពេញមួយរដូវវិញ គឺមានជាង ១លាន ២សែនតោន ក្នុងមួយរដូវ។
ដោយឡែក ជាមួយមិត្តចិនវិញ ភាគីទាំងពីរ (កម្ពុជា-ចិន) ក៏បានចុះហត្ថលេខា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់ប្រទេសចិន ផងដែរ៕