បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ កំពុងបង្ខំចិត្តក្នុងការរៀបចំ ក្រុមការងាររបស់ខ្លួនឡើងវិញ នៅក្នុងកងកម្លាំង នៃកងកាំភ្លើងធំក្រោយពេល ដែលបានទទួលព័ត៌មាន ពីខាងភាគីអាមេរិកថា ប្រព័ន្ធកាំភ្លើងធំ Howitzer ចំនួន៤០គ្រឿង ដែលនឹងត្រូវដឹកជញ្ជូនមកកោះតៃវ៉ាន់ នាឆ្នាំ២០២៣នោះ នឹងត្រូវពន្យារពេលវិញ រយៈពេល៣ឆ្នាំក្រោយពី ព្រោះថាអាមេរិកកំពុងមមាញឹក ក្នុងការផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែន ។
នេះមានន័យថា ការបញ្ជាទិញរបស់កោះតៃវ៉ាន់ ដែលមានទំហំ៧៥០លានដុល្លារ គឺត្រូវបានផ្អាកទៅវិញ ពីសំណាក់សហរដ្ឋអាមេរិក ហើយ និងត្រូវពន្យារពេលរហូត ទៅដល់ឆ្នាំ២០២៦ ប៉ុន្តែក្នុងនោះ ក្រសួងការពារជាតិកោះតៃវ៉ាន់ ក៏បានបញ្ជាក់ដែរថា ព្យាយាមស្វែងរកអាវុធជំនួស ពីបណ្តាប្រទេសផ្សេងវិញ ។
គួរឲ្យដឹងដែរថា កោះតៃវ៉ាន់រហូតមកដល់បច្ចុប្បន្ន គឺតែងតែបានព្យាយាម ក្នុងការធ្វើទំនើបកម្មជាមួយនឹង អាវុធរបស់ខ្លួនជាពិសេសអាវុធ ការពារចំងាយ ឆ្ងាយដើម្បីអាចការពារខ្លួន ចេញពីការវាយប្រហារ ណាមួយដោយរដ្ឋាភិបាលក្រុងប៉េកាំង ដែលតែងតែអះអាង ទាមទារថាកោះតៃវ៉ាន់ គឺជាដែនអធិបតេយ្យ របស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី