បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងទទួលការព្យាបាល ជំងឺមហារីក ក្នុងអំឡុងពេល ដែលលោកនឹងផ្ទេរអំណាច ជាបណ្តោះអាសន្ន ទៅឱ្យអតីតមេប៉ូលិស សហព័ន្ធ ដែលមាននិន្នាការរឹងរូស នេះបើយោងតាមរបាយការណ៍ ព័ត៌មានដែលមិនបានបញ្ជាក់ ។
របាយការណ៍មួយនៅក្នុងកាសែត New York Post បាននិយាយថា ខណៈដែលលោក ពូទីន ទទួលការវះកាត់មហារីក លោក Nikolai Patrushev ប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប៉ូលីសសហព័ន្ធរុស្ស៊ី នឹងទទួលបន្ទុករដ្ឋាភិបាលរុស្ស៊ី ។ នេះបើតាមការចុះផ្សាយ របស់កាសែត New York Post។
យោងតាមគេហទំព័រ Money Control ចេញផ្សាយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការអះអាងនេះ ត្រូវបានបង្ហោះជាលើកដំបូង ដោយប៉ុស្តិ៍ Telegram “General SVR” កាលពីថ្ងៃសៅរ៍ ។ ប៉ុស្តិ៍នេះត្រូវបានរាយការណ៍ថា ដំណើរការដោយអតីតអនុសេនីយឯក ផ្នែកស៊ើបការណ៍បរទេស របស់រុស្ស៊ី ហើយបានរាយការណ៍មុននេះថា លោកពូទីន កំពុងប្រយុទ្ធនឹង ជំងឺមហារីកផ្នែកពោះ។
យោងតាម General SVR, វេជ្ជបណ្ឌិតបានប្រាប់លោកពូទីនថា គាត់ត្រូវតែទទួលការវះកាត់ ។ របាយការណ៍របស់សារព័ត៌មាន Daily Mail វិញ បានបន្ថែមថា នីតិវិធីវះកាត់នឹងប្រព្រឹត្តទៅមុនថ្ងៃទី ៩ ខែឧសភា។ SVR ក៏បានអះអាងថា ការវះកាត់ដើមឡើយ ត្រូវបានកំណត់ពេល នៅពាក់កណ្ដាលទីពីរនៃខែមេសា ប៉ុន្តែត្រូវបានពន្យារពេល ។
ក្នុងអំឡុងពេលដែលលោកពូទីន ស្ថិតក្នុងភាពធ្វើអីមិនកើត លោក Patrushev ដែលមានអាយុ ៧០ឆ្នាំ នឹងគ្រប់គ្រងកិច្ចការរបស់រុស្ស៊ី ។ លោក Nikolai Platonovich Patrushev ធ្លាប់ធ្វើជានាយកសេវាសន្តិសុខសហព័ន្ធពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨ ។
អ្នករៀបរាប់នៅក្នុងវីដេអូ SVR បាននិយាយថា “លោកពូទីនទំនងជាមិនយល់ព្រម ក្នុងការប្រគល់អំណាច សម្រាប់រយៈពេលដ៏យូរជាងនេះទេ”។ លោក Patrushev គឺជាមនុស្សអាក្រក់ ។ គាត់មិនល្អជាង វ្ល៉ាឌីមៀ ពូទីន នោះទេ ។ ជាងនេះទៅទៀត គាត់គឺជាមនុស្ស ដែលមានល្បិចកលជាងលោក ពូទីន ហើយខ្ញុំអាចនិយាយបានថា មនុស្សដែលមានល្បិចកល ជាង វ្ល៉ាឌីមៀ ពូទីន ទៅទៀត ។ ប្រសិនបើគាត់ឡើង កាន់អំណាចនោះ បញ្ហារបស់រុស្ស៊ី នឹងកើនឡើង កាន់តែច្រើន» ។ អ្នករៀបរាប់ នៅក្នុងវីដេអូ បាននិយាយទៀត ដោយស្មានទុកជាមុនថា ប្រធានាធិបតីរុស្ស៊ី នឹងចេញពីតំណែង រយៈពេលពីរឬបីថ្ងៃ ៕
ប្រែសម្រួលៈ ណៃ តុលា