ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌា ជំរុញឲ្យមានដំណោះស្រាយការទូត ជុំវិញជម្លោះនៅអ៊ុយក្រែន

ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី កាលពីថ្ងៃអង្គារបានជំរុញឱ្យមានដំណោះស្រាយការទូត សម្រាប់វិបត្តិអ៊ុយក្រែនដែលកំពុងបន្ត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក មូឌី បានប្រាប់សន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីជួបជាមួយសមភាគីដាណឺម៉ាកលោក Mette Frederiksen ថា “កិច្ចសន្ទនា និងការទូតគួរតែដោះស្រាយបញ្ហាបាន” ។

លោក មូឌី បាន បញ្ជាក់ ជាថ្មី ពី ជំហរ របស់ ប្រទេស ឥណ្ឌា លើ ជម្លោះ ដោយ អំពាវនាវ ឲ្យ បញ្ឈប់ អរិភាព ជា បន្ទាន់ នៅ អ៊ុយក្រែន។ លោកបន្ដថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសដាណឺម៉ាក ដែលជាលើកទីមួយរបស់នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងរយៈពេល ២០ឆ្នាំ គឺជាផ្នែកនៃដំណើរការមួយដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកបានសម្តែងក្តីសង្ឃឹមថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ “កាន់តែមានភាពស្វាហាប់” លើវិស័យដូចជា ថាមពលកកើតឡើងវិញ សុខភាព កំពង់ផែ ការដឹកជញ្ជូន សេដ្ឋកិច្ចរង្វង់ និងការគ្រប់គ្រងទឹក។

លោក Frederiksen បានលើកឡើងផងដែរថា “ថ្ងៃនេះ យើងបានយល់ព្រមលើជំហានជាក់ស្តែងមួយចំនួន លើថាមពលបៃតង ទឹកស្អាត និងដើម្បីទប់ទល់នឹងវិបត្តិសុខភាពពិភពលោកបន្ទាប់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top