ព័ត៌មានអន្តរជាតិ

ជប៉ុន និងអង់គ្លេស ឯកភាពគ្នាលើកិច្ចព្រមព្រៀង ការពារជាតិ ចំពេលមានការកើនឡើង របស់ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្រមព្រៀងគ្នាជាគោលការណ៍ កាលពីថ្ងៃព្រហស្បតិ៍លើកតិកាសញ្ញា កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បីសម្រេចបាន នូវឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ នៅក្នុងការប្រឆាំងទៅនឹងប្រទេសចិន ដែលមានការអះអាងកាន់តែខ្លាំងឡើង។

កិច្ចព្រមព្រៀងចូលដំណើរការ ទៅវិញទៅមក នៅពេលចុះហត្ថលេខានឹងអនុញ្ញាតឱ្យ ដាក់ពង្រាយកងទ័ពរបស់ពួកគេកាន់តែលឿន និងអនុញ្ញាតឱ្យពួកគេចូលរួម ក្នុងការហ្វឹកហ្វឺនរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។ ថ្មីៗនេះប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RAA ដែលស្រដៀងគ្នានេះដែរ ជាមួយអូស្ត្រាលី។

លោក Kishida បានវាយតម្លៃខ្ពស់ចំពោះការបង្កើន ការចូលរួមរបស់ចក្រភពអង់គ្លេស នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយមេដឹកនាំទាំងពីរបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរ ស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង និងការកសាង និងសកម្មភាពយោធា “លឿនប៉ុន្តែមិនតម្លាភាព” ។

រដ្ឋាភិបាលបានឲ្យដឹងថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា យ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងនឹង ការប៉ុនប៉ងឯកតោភាគី ឬការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដោយមិនដាក់ឈ្មោះប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ដែលបាននិងកំពុងព្យាយាមពង្រីកវិសាលភាព នៃឥទ្ធិពលរបស់ខ្លួនជាមួយនឹងឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ខ្លួន។

លោក Kishida បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងឡុងបន្ទាប់ពីជួបជាមួយ Johnson ថា “អ៊ុយក្រែនអាចជាអាស៊ីបូព៌ានៅថ្ងៃស្អែក ការឈ្លានពានរបស់រុស្ស៊ី មិនមែនជាបញ្ហាសម្រាប់តែអឺរ៉ុបនោះទេ សណ្តាប់ធ្នាប់អន្តរជាតិដែលគ្របដណ្តប់ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺស្ថិតនៅក្នុងបញ្ហា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top